(ព្រៃវែង)៖ លោក យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន នៃគណៈកម្មាធិការគ្លីនិច ប្រយុទ្ធជំងឺគ្រុនឈាម បានថ្លែងជំរុញមន្រ្តីសុខាភិបាលទាំងអស់ នៅក្នុងខេត្តព្រៃវែង ត្រូវតែបន្តសកម្មភាព ចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដើម្បីឲ្យគាត់បានយល់ដឹងកាន់តែច្បាស់អំពីបញ្ហាគ្រុនឈាម និងវិធីសាស្ត្រការពារកុំឱ្យកើតមានជំងឺគ្រុនឈាម នៅតាមមូលដ្ឋានរបស់ខ្លួន។
លោក យីត ស៊ុនណារ៉ា បានថ្លែជំរុញឱ្យយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការអប់រំថែទាំព្យាបាលជំងឺ គ្រុនឈាម នៅមន្ទីរសុខាភិបាលខេត្តព្រៃវែង ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ជឹម ហ៊ៅ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង និងមានការចូលរួម លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ចំនួន១៣៨នាក់ទៀតផងដែរ។
លោកវេជ្ជបណ្ឌិត ជឹម ហ៊ៅ បានលើកឡើងអំពីរបាយការណ៍ នៃជំងឺគ្រុនឈាមក្នុងខេត្តព្រៃវែងថា បើគិតត្រឹមសប្ដាហ៍ទី១ ខែមករា រហូតមកដល់សប្តាហ៍ទី៣១ ខែសីហា ឆ្នាំ២០១៩ មានចំនួនអ្នកកើតជំងឺគ្រុនឈាម ២២៤ករណី បើប្រៀបធៀបនឹងសប្តាហ៍ដូចគ្នានៅឆ្នាំ២០១៨ មានចំនួនតែ ១៨ករណីតែប៉ុណ្ណោះ។
ក្នុងករណីកើតឡើងនូវជំងឺគ្រុនឈាមក្នុងខេត្តព្រៃវែងនេះ លោកក៏បានឆ្លើយតប ដែលបានចុះផ្សព្វផ្សាយអប់រំសុខភាពតាមសាលា និងសហគមន៍ស្ដីពីជំងឺគ្រុនឈាម និងបាញ់ថ្នាំសម្លាប់ភ្នាក់ងារ ចម្លងជំងឺគ្រុនឈាម នៅតាមក្រុងស្រុកបានចំនួន១០ស្រុក ៣១មណ្ឌលសុខភាព ១០៧ភូមិ និង ៣៣សាលារៀន បានសហការជាមួយក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហមខេត្ត អាជ្ញាធរមូលដ្ឋានចុះផ្សព្វផ្សាយអប់រំ សុខភាពតាមសាលា និងសហគមន៍ជាដើម, បានចុះដាក់ថ្នាំអាប៊ែតបានចំនួន ១៩៣,៩៥២ខ្នងផ្ទះ ស្មើនឹង២៩១,៧២២ពាង អាង នៅក្នុង ៤៨៦ភូមិ អស់អាប៊ែតចំនួន ៦,០០០ គីឡួក្រាម(៦៦,៤៨%)។
លោក យីត ស៊ុនណារ៉ា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកប ដោយវិជ្ជាជីវៈរបស់គ្រូពេទ្យនៅក្នុងខេត្តព្រៃវែងទាំងអស់ ក្នុងការព្យាបាលដល់អ្នកជំងឺ និងជាពិសេស អ្នកដែលមានជំងឺគ្រុនឈាមទាំងអស់មានការថយចុះ និងមិនបន្តឲ្យកើតមានឡើងទៀត។
លោក យីត ស៊ុនណារ៉ា ក៏បានណែនាំដល់គ្រូពេទ្យទាំងអស់ ត្រូវបន្តសកម្មភាពចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដើម្បីឲ្យគាត់បានយល់ដឹងកាន់តែច្បាស់ អំពីបញ្ហាគ្រុនឈាមនេះ។ ដោយត្រូវឲ្យគាត់លុបបំបាត់ចោលនូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ សំបកដប សំបកដូង។ ចំណែក ពាង អាងទឹក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរពណ៌ ឬគ្របឲ្យបានត្រឹមត្រូវ។
ត្រូវការពារខ្លួន តាមរយៈ ការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។ ត្រូវរួសរាន់ស្វែងរក សេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាផ្សេងៗទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម ។
ក្នុងឱកាសនោះដែរលោក យីត ស៊ុនណារ៉ា ក៏បានអញ្ជើញចុះទៅដល់មន្ទីរពេទ្យបង្អែកខេត្តផ្ទាល់ ដើម្បីពិនិត្យមើលសកម្មភាព និងសាកសួរសុខទុក្ខ ពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងនោះផងដែ៕