(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម យកអំណោយប្រគល់ជូន លោក នួន សាមិន អតីតស្នងការនគរបាលខេត្តកំពង់ចាម ហើយបច្ចុប្បន្នជាជំនួយការ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា លោក នួន សាមិន កំពុងសម្រាកព្យាបាលជំងឺ ក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត។ ក្រោយទទួលបានព័ត៌មាននេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានចាត់ឲ្យលោកនាំយកនូវអំណោយ និងថវិកាចលនាមិត្តជួយមិត្ត របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សរុបថវិកា៥លានរៀន ជូនដល់ក្រុមគ្រួសាររបស់លោក នួន សាមិន។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏ដូចជាមន្ត្រីទាំងអស់ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងសូមជូនពរឲ្យលោក នួន សាមិន បានឆាប់ជាសះស្បើយពីជំងឺផងដែរ៕