(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានផ្ដល់ការគាំទ្រដល់វិទ្យាស្ថានខូហ្វី (Kofi Academy) ក្នុងការបណ្ដុះបណ្ដាលជំនាញឆុងកាហ្វេប្រកបដោយគុណភាព និងស្ដង់ដា ស្របតាមទស្សនទាន «ជំនាញមួយ ស្ដង់ដាមួយ» និង «បុគ្គលិកម្នាក់ ជំនាញមួយ» ដើម្បីរួមចំណែកក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ជាតិ។
ក្នុងពិធីអបអរសាទរការបើកដំណើរការជាផ្លូវការរបស់វិទ្យាស្ថានខូហ្វី ដែលបានធ្វើឡើងក្រោមអធិបតីភាពលោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ លោក ថន រ៉ាដែន ប្រធានផ្នែកធនធានមនុស្ស និងរដ្ឋបាល នៃក្រុមហ៊ុនខូហ្វី (Kofi) បានឱ្យដឹងថា វិទ្យាស្ថានខូហ្វី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្នុងចក្ខុវិស័យដើម្បីពង្រឹង និងអភិវឌ្ឍន៍ជំនាញឆុងកាហ្វេនៅគ្រប់ដំណាក់កាល ចាប់ពីការដាំដុះកាហ្វេរហូតដល់ក្លាយជាកាហ្វេដែលឆុងរួច សម្រាប់ផ្តល់ជូនអតិថិជន។
ក្រុមហ៊ុន និងវិទ្យាស្ថានខូហ្វី បាននាំយកបទពិសោធន៍ល្អៗក្នុងវិស័យឧស្សាហកម្មកាហ្វេ មកបណ្ដុះបណ្ដាលដល់សិក្ខាកាម ព្រមទាំងមានវិញ្ញាបនបត្របញ្ជាក់ពីស្ថាប័ន SCA (Specialty Coffee Association) និងក្រសួងទេសចរណ៍ ផ្ដល់ជូនសិក្ខាកាមផងដែរ។រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន និងវិទ្យាស្ថានខូហ្វី បានបណ្ដុះបណ្ដាលដល់សិក្ខាកាមប្រមាណជាង ៣,០០០នាក់។
លោក តុប សុភ័ក បានឱ្យដឹងថា ក្រសួងទេសចរណ៍ បានផ្ដល់ការគាំទ្រដល់វិទ្យាស្ថានខូហ្វី ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈមួយពិតប្រាកដ ពិសេសជំនាញឆុងកាហ្វេ និងភេសជ្ជៈផ្សេងទៀត ស្របតាមស្ដ់ដា និងតម្រូវការទីផ្សារ។
លោកបានសង្កត់ធ្ងន់ថា ជំនាញឆុងកាហ្វេនេះ ក៏ជាការទាក់ទាញភ្ញៀវទេសចរមួយផងដែរ ខណៈដែលប្រជាជនទូទាំងពិភពលោកតែងតែនិយមការទទួលទានកាហ្វេ។
ដើម្បីចូលរួមជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សឱ្យឆ្លើយតបទាំងបរិមាណ និងគុណភាព អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បានផ្តល់អនុសាសន៍មួយចំនួន៖
១៖ ស្នើឲ្យវិទ្យាស្ថានខូហ្វីបន្តបើកវគ្គបណ្តុះបណ្តាលជំនាញឆុងកាហ្វេ និងជំនាញលើផ្នែកភេសជ្ជៈដទៃទៀតឱ្យបានកាន់តែច្រើន ជាពិសេសលើជំនាញបដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មជូនភ្ញៀវ ជំនាញក្រឡុកស្រា និងភេសជ្ជៈ ព្រមទាំងបន្តគិតគូរលើវគ្គបណ្តុះបណ្តាជំនាញផ្សេងៗទៀត នាថ្ងៃអនាគតត តាមលទ្ធភាពរបស់សាលា ស្របតាមតម្រូវការទីផ្សារការងារនៅក្នុងផ្នែកអាហារ និងភេសជ្ជៈ។
២៖ ស្នើវិទ្យាស្ថាន និងក្រុមហ៊ុនខូហ្វី ដែលជាបុត្រសម្ព័ន្ធ បន្តសហការជាមួយនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ របស់ក្រសួងទេសចរណ៍ ក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយជំនាញ ក៏ដូចជាកម្មវិធីប្រកួតជំនាញផ្សេងៗ ដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍ជំនាញទេសចរណ៍។
៣៖ ស្នើឲ្យវិទ្យាស្ថានជំរុញសហការជាមួយបណ្តាសណ្ឋាគារ ប្រតិបត្តិករទេសចរណ៍ និងមូលដ្ឋានស្ថាប័នអាជីវកម្មនៅបណ្តារាជធានី-ខេត្តទាំងអស់ បង្កើនឱកាសដល់សិក្ខាកាមដែលបានបញ្ចប់វគ្គ ក៏ដូចជាយុវជន សិស្ស និស្សិត ដែលមានជំនាញទេសចរណ៍អាចចូលបំពេញកម្មសិក្សា ដើម្បីទទួលបានជំនាញឲ្យបានកាន់តែទូលាយបន្ថែមទៀត។
៤៖ ជាពិសេសសូមស្នើឱ្យយុវជន ជាសិក្ខាកាមខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនអោយបានច្បាស់លាស់ ទើបអាចប្រកួតប្រជែងទីផ្សារបាន។ ជំនាញ គឺជាជីវិត មានជំនាញពិត មានការងារធ្វើ មានប្រាក់ចណូលទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរ៕