(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានបន្ដរៀបចំសិក្ខាសាលាស្ដីពី ភាពជាអ្នកដឹកនាំជូន ដល់មន្រ្ដីបុគ្គលិករបស់ខ្លួន។ សិក្ខាសាលានេះរៀបចំឡើងក្រោមប្រធានបទ «Becoming a Deliberately Developmental Organization by Utilizing Leadership Intelligence» ដោយមានការអញ្ជើញចូលរួមពីលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកសាស្ត្រាចារ្យ Jim Bagnola ជាគ្រូឧទ្ទេសនាម ប្រកបដោយបទពិសោធន៍ខ្ពស់ លើការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងចិត្តគំនិត ព្រមទាំងមន្រ្ដីបុគ្គលិករបស់ខ្លួនជាច្រើនរូបទៀត។
សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងបង្ហាញពី ការប្រែក្លាយស្ថាប័នមួយប្រកបដោយ ការអភិវឌ្ឍចេញពីការប្តេជ្ញាចិត្ត ជាមួយនឹងការប្រើប្រាស់នូវភាពជាអ្នកដឹកនាំដ៏វៃឆ្លាត ដែលក្នុងនោះផ្តោតជាសំខាន់លើ ការពង្រីកចំណេះដឹងបន្ថែមលើភាពជាអ្នកដឹកនាំ សម្រាប់ការអភិវឌ្ឍស្ថាប័នប្រកបដោយចីរភាពពិសេសតាមរយៈ៖ ការវាយតម្លៃបុគ្គលិកប្រកបដោយសុភវិនិច្ឆ័យ, ការប្រែក្លាយដំណោះស្រាយល្អៗ ដែលធ្លាប់អនុវត្តពីមុនឱ្យទៅជាគោលការណ៍, ការប្រើប្រាស់បញ្ញាញាណផ្នែកផ្លូវចិត្ត, សង្គម សីលធម៌ វប្បធម៌ យែនឌើរ និងសហប្រតិបត្តិការល្អ ក្នុងគោលបំណងប្រែក្លាយឱ្យទៅជាអ្នកដឹកនាំល្អ, មន្ត្រីល្អ និងស្ថាប័នល្អ ។
ជាក់ស្ដែងវិស័យធនាគារបានរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងពេលពីរទសវត្សចុងក្រោយនេះ ទាំងផ្នែកទំហំ, វិសាលភាពប្រតិបត្តិការ និងផលិតផលសេវា។ ការគ្រប់គ្រងវិស័យធនាគារ ប្រកបដោយការអភិវឌ្ឍ និងស្ថិរភាពត្រូវការធនធានមនុស្ស ប្រកបដោយជំនាញ និងភាពជាអ្នកដឹកនាំខ្ពស់ ហើយប្រការនេះកាន់តែមានភាពចាំបាច់នាពេលបច្ចុប្បន្ន ស្ថិតក្នុងបរិការណ៍នៃសាកលភាវូបនីយកម្ម និងការរីកចម្រើននៃបច្ចេកវិទ្យា។
សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា ធ្លាប់បានរៀបចំសិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំនេះ២លើកមកហើយ ដោយលើកទី១រៀបចំឡើងក្រោមប្រធានបទស្តីពី «សិល្បៈនៃការដឹកនាំ និងទំនាក់ទំនងផ្ទៃក្នុង និងខាងក្រៅ» និងលើកទី២រៀបចំឡើងក្រោមប្រធានបទស្តីពី «ការបង្វឹក និងវាយតម្លៃសមិទ្ធកម្ម»។
សិក្ខាសាលានេះមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកបង្កើនប្រសិទ្ធភាពនៃ ភាពជាអ្នកដឹកនាំរបស់មន្ត្រីធនាគារជាតិនៃកម្ពុជា៕