(ភ្នំពេញ)៖ ពូជផ្លែទុរេនដ៏ល្បី និងពេញនិយមនៅក្នុងទីផ្សារនៃប្រទេសម៉ាឡេស៊ី មានឈ្មោះថា «ម៉ូសាងឃីង» ត្រូវបាននាំយកមកដាំដុះ នៅក្នុងប្រទេសកម្ពុជាជាលើកដំបូង ដោយក្រុមហ៊ុនចំការឋានព្រះឥន្ទ ខណៈដែលការនាំចូលពូជ «ម៉ូសាងឃីង» ជំហានដំបូងនេះ មានចំនួន១លានដើម សម្រាប់ធ្វើការដាំដុះរយៈពេលមួយឆ្នាំពេញ ពោលគឺចាប់ខែសីហា ឆ្នាំ២០១៩ ដល់ខែសីហា២០២០។
លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៊ុនហង្សម្ចាស់ដី បានថ្លែងប្រាប់ Fresh News ថា មូលហេតុដែលក្រុមហ៊ុនដីចំការរបស់លោក នាំចូលនូវពូជផ្លែទុរេន ពីប្រទេសម៉ាឡេស៊ីនៅពេលនេះ ព្រោះប្រទេសកម្ពុជា កំពុងមានការពេញនិយមខ្លាំងនៅក្នុងទីផ្សារផ្លែទុរេន ហើយដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុ និងក្រៅស្រុក ខណៈក៏ស្របពេលជាមួយនឹងស្ថានភាពនៃដីចំការរបស់លោក ដែលបានលក់ជូនអតិថិជន ដោយមានដំណាំនៅក្នុងនោះស្រាប់។
លោកបន្តថា ជំហានដំបូងនៃការដាំដុះពូជទុរេនដ៏ល្បីនេះ គឺយើងដាក់គោលដៅដាំដុះដំបូង នៅក្នុងខេត្តមណ្ឌលគិរី ខណៈក្រុមហ៊ុនបាននាំអ្នកជំនាញពីប្រទេសម៉ាឡេស៊ី មកពិនិត្យរួចរាល់ ព្រោះក្នុងខេត្តមណ្ឌលគិរី មានតំបន់ភ្នំ មានទឹកភ្លៀងហូរមកពីតំបន់ភ្នំ និងអាកាសធាតុ ដូចនៅក្នុងប្រទេសម៉ាឡេស៊ីដែរ ទើបសម្រេចយកគោលដៅចំការឋានព្រះឥន្ទ ក្នុងខេត្តនេះមុនគេ។ ចំណែកទីតាំងផ្សេងមួយចំនួនទៀត មានដូចជានៅក្នុងខេត្តកំពត បាត់ដំបង និងខេត្តពោធិសាត់ (ស្រុកក្រវ៉ាញ) និងខេត្តសៀមរាប កំពុងតែឲ្យអ្នកជំនាញសិក្សា ដាំជាបន្តបន្ទាប់។
លោក ហង្ស ព្រីន្សយ៉ា បន្តទៀតថា លោកបាននាំអ្នកជំនាញមកពីប្រទេសម៉ាឡេស៊ី និងជប៉ុន ដើម្បីធ្វើតេស្តដីចំនួន៥ខេត្ត នៅក្នុងប្រទេសកម្ពុជា ដើម្បីដាំដុះពូជទុរេនប្រភេទថ្មីនេះ ខណៈបានផលនៅ រយៈពេល៥ឆ្នាំ ឬ៦ឆ្នាំខាងមុខ យើងនឹងត្រូវផ្គត់ផ្គង់ក្នុងទីផ្សារទាំងក្នុង និងក្រៅស្រុក។ មូលហេតុដែលក្រុមហ៊ុន «ឋានព្រះឥន្ទ» យកពូជនេះមកដាំ ព្រោះពូជនេះមានប្រជាប្រិយ និងការពេញនិយមខ្ពស់ នៅទីផ្សារប្រទេសចិន ម៉ាកាវ សាំងហ្គាពួរ ហើយនៅម៉ាឡេស៊ីដាំមិនទាន់គ្រប់តម្រូវការ ទើបត្រូវនាំមកដាំនៅក្នុងប្រទេសកម្ពុជាបន្ថែម ហើយនាំចេញទៅកាន់ទីផ្សារ នៃប្រទេសទាំងអស់នោះ។
អគ្គនាយកក្រុមហ៊ុនហង្សម្ចាស់ដីដដែល បានបន្តថា ពូជទុរេនថ្មីនេះ មានតម្លៃខ្ពស់ពីរដង បើប្រៀបធៀបជាមួយទុរេនរបស់ខ្មែរយើង ធ្វើឲ្យម្ចាស់បានផលកម្រៃខ្ពស់ពេលប្រមូលផល, ក្នុងនោះក្រុមហ៊ុនបាននាំអ្នកជំនាញម្នាក់ឈ្មោះលោក លី ដែលគាត់មានជំនាញ និងមានបច្ចេកទេសដាំជិត២០ឆ្នាំ មកបង្រៀនជាក់ស្ដែងតែម្ដង។ ជាការពិត រាល់ការដាំខាងក្រុមហ៊ុនអ្នកលក់ពូជជូន និងគិតគូលើទីផ្សារជូន ឲ្យហើយដូចគ្នា។
សូមបញ្ជាក់ថា ក្រុមហ៊ុនហង្សម្ចាស់ដី បានបោះទុនវិនិយោគប្រមូលទិញដីទុកចោល របស់ពលរដ្ឋរាប់ម៉ឺនហិកតា នៅក្នុងបណ្ដាខេត្តសំខាន់ៗ រួមមានខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ដើម្បីវិនិយោគដាំដុះជាចំការទុរេន ជាចំការដូងក្រអូប ជាចំការប័រ និងជាចំការក្រូចជាដើម ដោយក្រុមហ៊ុន បានទាំងប្រើយុទ្ធសាស្ត្រ ពុះដីធំៗទាំងនោះ ជាចំការមួយហិកតារៗលក់ឲ្យពលរដ្ឋ ក្នុងលក្ខខណ្ឌបង់រំលោះ ឬបង់ផ្ដាច់ ដើម្បីឲ្យពលរដ្ឋបានរួមចំណែក ធ្វើជាអ្នកវិនិយោគ ក្នុងគម្រោងរួមគ្នា៕