(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងលោកស្រី លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត រួមជាមួយលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារជាមន្ត្រីរាជការ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សមាជិកា សមាជិកក្រុមការងារ កាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ នៅផ្សារសាមគ្គីត្រពាំងរពៅ កាលពីយប់មិញស្ថិតនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងឱកាសចែកអំណោយនោះលោក ជាវ តាយ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ អំណោយផ្តល់ជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១០កំប៉ុង។
សូមបញ្ជាក់ថា អគ្គិភ័យឆេះផ្សារសាមគ្គីត្រពាំងរពៅ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលបានកើតឡើងនៅព្រលប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ត្រូវបានកម្លាំងសមត្ថកិច្ចពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ប្រើទឹកសរុប៣៥រថយន្ត។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៨ ខែសីហានេះថា ក្នុងផ្សារសាមគ្គីត្រពាំងរពៅ មានតូបលក់ដូរសរុបចំនួន១៨៧តូប ក្នុងនោះឆេះអស់ទាំងស្រុងចំនួន១៤៧តូប ហើយមូលហេតុនៃការឆេះនេះ ដោយសារទុស្សេចរន្តអគ្គិសនី។
លោកបន្តថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនោះ សមត្ថកិច្ចនគរបាលប្រើប្រាស់ឡានទឹកចំនួន៥គ្រឿង ក្នុងនោះ២គ្រឿងមកពីអធិការស្រុកព្រៃនប់ ដោយប្រើប្រាស់អស់ទឹកចំនួន៣៥ឡាន។ តែយ៉ាងណាចំពោះគ្រោះអគ្គិភ័យនេះ មិនមានគ្រោះថ្នាក់ដលអាយុជីវិត និងរងរបួសដល់ប្រជាពលរដ្ឋនោះទេ សម្រាប់ទំហំនៃការខូចខាតមិនទាន់បាន់ស្មានបាន៕