(កំពង់ធំ)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជា សុវត្ថិភាពម្ហូបអាហារ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅក្នុងផ្សារស្ទោង ភូមិកំពង់ឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ រកឃើញទំនិញហួសកាលបរិច្ឆេទចំនួន ៩មុខ។
លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកប្រធានសាខាបានឲ្យដឹងថា ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ រួមមាន៖
១-ទឹកក្រូច ម៉ាកកូកាកូឡា ចំណុះ ៣៥០ml ចំនួន៣៣ដប ផលិតនៅកម្ពុជា
២-ទឹកក្រូច ម៉ាក Fanta ចំណុះ៣៥០ ml ចំនួន ១១ដប ផលិតនៅកម្ពុជា
៣-ទឹកក្រូច ម៉ាក Spriteចំណុះ៣៥០ ml ចំនួន ១៦ដប ផលិតនៅកម្ពុជា
៤-ទឹកក្រូច ម៉ាក Fanta ចំណុះ១,២៥ ml ចំនួន ៤៦ដប ផលិតនៅថៃ
៥-ទឹកក្រូច ម៉ាក Mirinda ចំណុះ៣៣០ ml ចំនួន ២១កំប៉ុង ផលិតនៅកម្ពុជា
៦-ទឹកក្រូច ម៉ាក Samurai ចំណុះ៣៨០ ml ចំនួន ២៤ដប ផលិតនៅកម្ពុជា
៧-ម្សៅស៊ុបខ្នរ ចំនួន៦ កញ្ចប់ ផលិតនៅកម្ពុជា
៨-ម្សៅគ្រឿងការី ម៉ាក Thanh Phai ទម្ងន់១គីឡូក្រាម
៩-ទឹកផ្លែឈី ម៉ាក Sainom Puengចំណុះ៣២០ ml ចំនួន៦ដប ផលិតនៅប្រទេសថៃ
បើតាមអាជីវករលក់ភេសជ្ជៈ បាននិយាយប្រាប់មន្រ្តីកាំកុងត្រូលឲ្យដឹងថា ទឹកក្រូចកូកាកូឡា ដែលហួសកាលបរិច្ឆេទទាំងនេះ គឺក្រុមហ៊ុនទើបតែដាក់ឲ្យពួកគាត់លក់ថ្មីៗនេះទេ ដោយពួកគាត់មិនដឹងថា ក្រុមហ៊ុនបានបន្លំដាក់បញ្ចូលបែបនេះសោះ ។
បន្ទាប់មកមន្ត្រីជំនាញកាំកុងត្រូល បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកទៅរក្សាទុកនៅសាខាខេត្ត ដើម្បីធ្វើការកម្ទេចចោល និងបានយកផ្ទាំងរូបភាព ដែលបង្ហាញពីផលប៉ះពាល់ ពីសុវត្ថិភាព ម្ហូបអាហារបិទតាមតូបអាជីវករ និងធ្វើការណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕