(ភ្នំពេញ)៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានលើកឡើងថា ដើម្បីឱ្យមានឯករាជ្យភាពថាមពល ប្រជាពលរដ្ឋត្រូវតែរួមគ្នាគាំទ្រការអភិវឌ្ឍថាមពលអគ្គិសនី ជៀសវាងនាំគ្នាធ្វើបាតុកម្មប្រឆាំងនៅពេលដែលរាជរដ្ឋាភិបាល សាងសង់វារីអគ្គិសនី ឬអភិវឌ្ឍន៍អ្វីដែលពាក់ព័ន្ធការបង្កើនថាមពល។

ការលើកឡើងរបស់លោក កែវ រតនៈ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញចូលរួម សន្នីសីទសារព័ត៌មានស្តីពី «ចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅអគារជាន់ផ្ទាល់ដី នៃទីស្តីការគណៈរដ្ឋមន្ត្រី។

អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យើងខិតខំជម្នះការលំបាក ដើម្បីអភិវឌ្ឍន៍វារីអគ្គិសនីនៅក្នុងព្រៃ ដោះទាំងមីន អភិវឌ្ឍន៍ផង ការពារផង នៅពេលដែលយើងខំប៉ុណ្ណឹងនៅមានអ្នកប្រឆាំងផ្កាប់មុខមួយចំនួន ដែលឲ្យតែមានការអភិវឌ្ឍបាតុកម្មប្រឆាំង មិនឲ្យមានការអភិវឌ្ឍវារីអគ្គិសនី»

លោក កែវ រតនៈ បានគូសបញ្ជាក់ថា នៅប្រទេសវៀតណាមគេធ្វើវារីអគ្គិសនីបានយ៉ាងច្រើន ដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់ក្នុងប្រទេស ឬធ្វើអាជីវកម្មលក់ទៅបណ្ដាប្រទេសជិតខាង។ ដោយឡែក កម្ពុជាវិញនៅពេលរាជរដ្ឋាភិបាល ខិតខំកសាងសង់វារីអគ្គិសនី ស្រាប់តែមនុស្សមួយចំនួន នាំគ្នាជេរប្រមាថ ឬរារាំងទៅវិញ ប៉ុន្ដែដោយសារប្រជាពលរដ្ឋភាគច្រើនលើសលប់គាំទ្រ សន្ដិភាព និងការអភិវឌ្ឍទើបកម្ពុជាខិតខំធ្វើបានដូចសព្វថ្ងៃនេះ។

ប្រតិភូរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ការជម្នះនូវពាក្យទិចទានមួយចំនួនតូចពីសំណាក់ក្រុមនយោបាយប្រឆាំងនេះហើយ ទើបធ្វើឲ្យតម្លៃថាមពលអគ្គិសនី របស់ប្រទេសកម្ពុជា មានការធ្លាក់ថ្លៃជាបន្ដបន្ទាប់ ពោលទាំងពីតម្លៃប្រមាណ៤ពាន់រៀល រហូតមកដល់ចន្លោះពី ៣៥០រៀល ទៅ៦១០រៀល។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលខិតខំធ្វើគ្រប់យ៉ាងដើម្បីឲ្យតម្លៃនេះធ្លាក់ចុះ។

គួរជម្រាបថា រហូតមកដល់ពេលនេះ ទំនប់វារីអគ្គិសនី ដែលកំពុងដំណើរការរួមមាន៖

*ទី១៖ ទំនប់វារីអគ្គិសនី គីរីរម្យ១ (១២មេហ្គាវ៉ាត់) ស្ថិតក្នុងខេត្តកំពង់ស្ពឺ
*ទី២៖ ទំនប់វារីអគ្គិសនី កំចាយ (១៩៣មេហ្គាវ៉ាត់) ស្ថិតក្នុងខេត្តកំពត ដែលបានចាប់ដំណើរការ នៅឆ្នាំ២០១១
*ទី៣៖ ទំនប់វារីអគ្គិសនី គីរីរម្យ៣ (១៨មេហ្គាវ៉ាត់) បានចាប់ដំណើរការ នៅឆ្នាំ២០១៣
*ទី៤៖ ទំនប់វារីអគ្គិសនី ស្ទឹងអាតៃ (១២០មេហ្គាវ៉ាត់) ស្ថិតក្នុងខេត្តពោធិ៍សាត់ ដែលបានចាប់ដំណើរការ នៅឆ្នាំ២០១៣
*ទី៥៖ ទំនប់វារីអគ្គិសនី ស្ទឹងឫស្សីជ្រុំក្រោម (៣៣៨មេហ្គាវ៉ាត់) ស្ថិតក្នុងខេត្តកោះកុង ដែលបានចាប់ដំណើរការ នៅឆ្នាំ២០១៤
*ទី៦៖ ទំនប់វារីអគ្គិសនី ស្ទឹងតាតៃ (២៤៦មេហ្គាវ៉ាត់) ស្ថិតក្នុងខេត្តកោះកុង ដែលបានដំណើរការក្នុងឆ្នាំ២០១៤
*ទី៧៖ ទំនប់វារីអគ្គិសនី សេសានក្រោម២ (៤០០មេហ្គាវ៉ាត់) ស្ថិតក្នុងខេត្តស្ទឹងត្រែង បានចាប់ផ្ដើមដំណើរការជាផ្លូវការ ក្នុងឆ្នាំ២០១៨៕