(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា ទំនាក់ទំនងអាស៊ាន-ចិន នៅតែបន្តរីកចម្រើនធំធាត់ ក្នុងបរិបទទាំងក្របខណ្ឌនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ដែលកំពុងតែរីកដុះដាល ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នឹងបន្តរឹងមាំថែមទៀត ពីព្រោះសមាជិកអាស៊ានលើសលប់មានជំហរឯកភាពគ្នាវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។
ការអះអាងបែបនេះ របស់លោកបណ្ឌិត គិត ភា បានធ្វើឡើងព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបណ្ឌិតរួមជាមួយ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត ដានីញ៉ែល ស្មូកឃីង (Daniel Schmücking) ប្រធានមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ ប្រចាំប្រទេសកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិស្តីពី «កម្ពុជា និងតំបន់និយមអាស៊ានក្នុងបរិបទឥណ្ឌូ-ប៉ាស៊ីហ្វិក» នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
លោកបណ្ឌិត គិន ភា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំយល់ថា ទំនាក់ទំនងអាស៊ានចិន នៅតែបន្តរីកចម្រើនធំធាត់ នៅក្នុងបរិបទទាំង ក្របខណ្ឌនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ជាពិសេសសេដ្ឋកិច្ច និងសង្គមវប្បធម៌ ដែលកំពុងតែមានការរីកដុះដាល ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការនឹងបន្តរឹងមាំថែមទៀត ពីព្រោះខ្ញុំជឿថា សមាជិកអាស៊ានលើសលប់ រួមទាំងអាស៊ានទាំងមូល គឺមានជំហរឯកភាពគ្នាមួយវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដូច្នេះ គេមិនអាចយកបញ្ហាតូចៗមួយចំនួនធ្វើឱ្យខូចនូវផលប្រយោជន៍ ដែលកើតចេញពីកិច្ចសហប្រតិបតិ្តការរវាងអាស៊ាន-ចិន នោះទេ»។
បន្ថែមពីនេះ លោកបណ្ឌិត បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន (Belt and Road Initiative-BRI) គឺទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធ រូបវន្តជាច្រើនរួមមាន៖ ផ្លូវ ព្រលានយន្តហោះ ផ្លូវរថយន្តភ្លើង ផ្លូវហាយវ៉េ ជាដើម។ មិនតែប៉ុណ្ណោះ យើងទទួលបានលំហូរវិនិយោគពីប្រទេសចិន ក្រោមគម្រោង BRI ក៏ទទួលបានច្រើនផងដែរ ដូចជាការបង្កើននូវចំណូល បង្កើតនូវឱកាសការងារ ព្រមទាំងធ្វើឱ្យមានការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
លោកបណ្ឌិត បានឱ្យដឹងថា BRI ជាគម្រោងដ៏ធំមួយសម្រាប់លើកកម្ពស់កំណើនសេដ្ឋកិច្ច ក្នុងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ានទាំងមូល ក៏ដូចជាពិភពលោកផងដែរ ហើយវាជាគម្រោងតភ្ជាប់ដ៏ល្អ ដែលប្រទេសទាំងអស់ជាសមាជិកដែលចូលរួមក្នុង BRI ទទួលបានផលប្រយោជន៍មហាសាល នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ហើយ BRI នេះ មិនបានរើសអើងនិន្នាការនយោបាយ វប្បធម៌ ឬក៏ស្ថានភាពផ្សេងទៀត ឬក៏តំបន់នោះទេ នេះជាលក្ខណៈសំខាន់ដែល BRI ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់សមាជិក ដែលបានចូលរួម ព្រមទាំងបណ្តាប្រទេសផ្សេងទៀត ដែលកំពុងតែសម្លឹងមើលក្នុងខ្សែភ្នែកវិជ្ជមានផងដែរ។
ជាក់ស្តែង សមិទ្ធផល ដែលកើតឡើងការតភ្ជាប់អាស៊ាន-ចិន នៅកម្ពុជារួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាច្រើន រួមទាំងទំនប់វ៉ារីអគ្គិសនី ហើយលំហូរអ្នកវិនិយោគចិន មកកាន់កម្ពុជា ជាពិសេសមកកាន់ក្រុងព្រះសីហនុ ក្រុងបាវិត ប៉ោយប៉ែត ដែលជាសក្ខីភាពជាក់ស្តែង ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមបរិបទ BRI ហើយភ្ញៀវទេសចរណ៍ចិន ក៏បាននាំមុខគេនៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត គិន ភា បានបញ្ជាក់បន្ថែមទៀតថា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានធ្វើឱ្យកម្ពុជា ពីមុនជាប្រទេសឯកកោ ត្រូវបានហ៊ុព័ន្ធទាំងនយោបាយ សេដ្ឋកិច្ច បានក្លាយទៅជារដ្ឋមួយដែលមានសំឡេងស្មើមុខ ស្មើមាត់ ស្មើសិទ្ធិនៅក្នុងក្របខណ្ឌតំបន់ នៃកិច្ចសហប្រតិបត្តិការ ដូច្នេះ មានន័យថា សំឡេងរបស់កម្ពុជា គឺជាសំឡេងអាស៊ាន សំឡេងអាស៊ាន គឺជាសំឡេងរបស់កម្ពុជា ហើយទីផ្សាររបស់កម្ពុជាកាន់តែរីកធំធាត់ ការវិនិយោគនៅកម្ពុជា មិនមែនសម្រាប់តែមនុស្ស ១៥លាននាក់នោះទេ ការវិនិយោគកម្ពុជា គឺសម្រាប់ទីផ្សារ៦០០លាននាក់ នៅក្នុងតំបន់អាស៊ានទាំងមូល៕