(ភ្នំពេញ)៖ ធនាគារ ABA ដែលជាសមាជិកសម្ព័ន្ធធនាគារជាតិកាណាដា និងក្រុម ហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយបានធ្វើការប្រកាសជាផ្លូវការស្តីពីការបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទដែលកិច្ចសហការនេះ នឹងអនុញ្ញាតឲ្យអតិថិជន របស់ ក្រុម ហ៊ុន មេនូឡាយហ្វ៍អាចបង់បុព្វ លាភរ៉ាប់រងតាមរយៈកម្ម វិធីABA Mobile បានដោយឥតគិតថ្លៃ។
កិច្ចសហការរវាងស្ថាប័នហិរញ្ញវត្ថុឈានមុខទាំងពីរនេះ ត្រូវ បានធ្វើឡើងបន្ថែមលើកិច្ចសហការជាដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតដែលស្ថាប័នទាំងពីរបានចុះកិច្ចព្រមព្រៀងកាលពីឆ្នាំ 2016។ តាម រយៈ កម្មវិធី ABA Mobile អតិថិជនអាចធ្វើការទូទាត់ប្រាក់បានយ៉ាងឆាប់រហ័សងាយស្រួល និងមានសុវត្ថិភាពគ្រប់ពេលវេលា គ្រប់ទីកន្លែងដោយគ្រាន់តែអនុវត្តតាមជំហានសាមញ្ញៗ ដូចខាងក្រោម ៖
* បើកដំណើរការកម្មវិធី ABA Mobile ហើយចុចយកប៊ូតុង “ទូទាត់ប្រាក់”
* ជ្រើសរើសយកពាក្យ “ធានា រ៉ាប់ រង ”
* ជ្រើសរើសយក “មេនូឡាយហ្វ៍ ខេមបូឌា ”
* ជ្រើសរើសគណនី ABA របស់លោកអ្នក ហើយវាយបញ្ចូលលេខ ស្នើសុំប័ណ្ណសន្យារ៉ាប់រង ឬ លេខប័ណ្ណសន្យារ៉ាប់រងរបស់លោកអ្នក
* ចុចយកពាក្យ “រួច រាល់ ” ហើយចុចលើ ប៊ូតុង “បង់ ឥឡូវ ” រួច បញ្ចាក់ការទូទាត់ដោយបញ្ចូលលេខសម្ងាត់ ABA Mobile របស់លោកអ្នក។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុនមេនូ ឡាយ ហ្វ៍ ខេមបូឌា បានថ្លែងថា «នៅក្រុមហ៊ុន មេនូឡាយហ្វ៍យើងមានបេសកកម្មដ៏ច្បាស់លាស់មួយក្នុងការជួយឲ្យអតិថិជនរបស់យើងធ្វើការសម្រេចចិត្តកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរជាង មុន ។ យុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីឲ្យយើងអាចសម្រេ បេសកកម្ម នេះបានគឺការធ្វើជាក្រុមហ៊ុន ឈានមុខមួយផ្នែកឌីជីថលនៅក្នុងទីផ្សារ។ ខ្ញុំមានមោទនភាពក្រៃលែងចំពោះ សមិទ្ធផល ដែលយើងកំពុង ប្រកាសជាផ្លូវការជាមួយធនាគារ ABA ដែលកិច្ចសហការនេះ នឹងផ្ដល់បទពិសោធក្នុងការទូទាត់ប្រាក់បែប ឌីជីថល (ដោយមិនប្រើប្រាស់សាច់ប្រាក់ ផ្ទាល់) ដល់អតិថិជនរបស់យើងទូទាំងប្រទេសដែលត្រូវការបង់បុព្វលាភរ៉ាប់រងមកក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា គឺជាដៃគូយុទ្ធសាស្ត្ររបស់យើង»។
ជាមួយគ្នានោះ លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA «ចាប់តាំងពីកិច្ចសហប្រតិបត្តិការដំបូងរបស់យើងនៅក្នុងឆ្នាំ 2016 យើងសម្រេចបាន ការនាំមកនូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ដែលមានគុណភាពជូនអតិថិជនរបស់យើង ជាច្រើននាក់។ ការសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសេវាបង់បុព្វលាភរ៉ាប់រង តាមទូរស័ព្ទដល់អតិថិជននេះ នឹងជួយពួកគាត់ ក្នុងការទូទាត់សេវាធានារ៉ាប់រងពីផ្ទះ ឬពីការិយាល័យរបស់ពួកគេតែម្តង បានយ៉ាងងាយស្រួល និងមានផាសុកភាព។ យើងជឿជាក់ថា មុខងារនេះនឹងនាំយកបន្ថែមនូវភាពងាយស្រួល ដល់អតិថិជនរបស់ធនាគារ ABA និងមេនូឡាយហ្វ៍ ហើយនឹងជួយពន្លឿនការវិវឌ្ឍរបស់ប្រទេស ឈានទៅរកសង្គមមួយដែលធ្វើការទូទាត់បែបឌីជីថលដ៏ទំនើបដោយមិន ចាំបាច់ប្រើសាច់ប្រាក់» ។
សម្រាប់ធនាគារ ABA គឺជាធនាគារមួយក្នុងចំណោមគ្រឹះស្ថានធនាគារឈានមុខគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1996។ មកដល់ពេលនេះ ធនាគារ ABA ផ្តល់ជូនសេវាហិរញ្ញវត្ថុ និងដំណោះស្រាយផ្នែកធនាគារឌីជីថលយ៉ាងពេញលេញ ជូនដល់អតិថិជន រួមទាំងសហគ្រាសធុនតូច និងមធ្យម អាជីវកម្មខ្នាតតូចបំផុត និងបុគ្គលជាដើម៕