(ភ្នំពេញ)៖ ផ្នែកខ្លះនៃផ្លូវជាតិលេខ២១ នឹងត្រូវក្រុមហ៊ុន Hanshin Engineering and Construction Co., Ltd ដែលជាក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២១ បានធ្វើការជួសជុលឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសឡើងវិញ។
ការប្រកាសជួសជុលឡើងវិញនេះ បានធ្វើឡើងបន្ទាប់ពី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំក្រុមការងារជិះកង់ត្រួតពិនិត្យមើលផ្លូវជាតិលេខ២១ កាលពីខែមុននេះ ដោយបានពិនិត្យមើលឃើញថា ការសាងសង់ផ្លូវនេះនៅមានចំណុចខ្លះ មិនទាន់បានស្របតាមលក្ខណៈបច្ចេកទេសនៅឡើយ។
ក្នុងជំនួបពិភាក្សាគ្នាជាមួយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក Choi Young Sun ប្រធានក្រុមហ៊ុន Hanshin Engineering and Construction Co., Ltd ដែលមានទីស្នាក់ការធំនៅប្រទេសកូរ៉េ បានលើកឡើងថា ក្រុមហ៊ុន Hanshin Engineering and Construction Co., Ltd ព្រមទទួលស្គាល់ថា ផ្នែកខ្លះនៃកំណាត់ផ្លូវជាតិលេខ២១នេះ សាងសង់មិនស្របតាមលក្ខណៈបច្ចេកទេសតាមការលើកឡើងដោយ KICT ពិតមែន និងបានយល់ព្រមដោះស្រាយ និងអនុវត្តផែនការជួសជុល ដែលបានបញ្ជាក់ក្នុងរបាយការណ៍របស់ KICT។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពអ៊ុតកៅស៊ូ AC បន្ថែមពីលើចំនួន៣សង់ទីម៉ែត្រទៀតបន្ទាប់ពីជួសជុលរួច ដើម្បីធ្វើឱ្យផ្លូវនេះមានភាពរឹងមាំប្រើប្រាស់យូរអង្វែង ដោយផ្ដោតលើគុណភាពជាចម្បង មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
លោក Choi Young Sun បានកត់សម្គាល់លើសំណើរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងសន្យាយកសំណើនេះទៅពិភាក្សាបន្ថែម ជាមួយអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន ដើម្បីពិនិត្យលទ្ធភាព ហើយសង្ឃឹមថា នឹងអាចផ្តល់ចម្លើយវិជ្ជមាន តបទៅតាមសំណូមពរនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបន្ថែមថា ក្រសួងនឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីធ្វើឱ្យសកម្មភាពការងារទាំងអស់ឱ្យមានភាពរលូន និងប្រសិទ្ធភាពខ្ពស់។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ដែលបានផ្តល់ជញ្ជីងថ្លឹងរថយន្តដោយស្វ័យប្រវត្តិបង្កប់នៅក្នុងដី (Weighs in motion) និងកាមេរ៉ាចាប់ល្បឿនរថយន្ត ដើម្បីបំពាក់លើផ្លូវនេះសំដៅធានាកុំឱ្យមានរថយន្តដឹកទំនិញលើសកម្រិតកំណត់ និងអាចឱ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែង៕