(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំរួមគ្នាមួយ ដើម្បីត្រៀមកម្លាំងអនុវត្តដីការបស់តុលាការ សម្រាប់ការចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស បើសិនទណ្ឌិតរូបនេះហ៊ានចូលប្រទេសកម្ពុជា។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា កិច្ចប្រជុំនេះដើម្បីរៀបចំផែនការ ប្រគល់ភារកិច្ចឲ្យកងកម្លាំងអ្នកអនុវត្តច្បាប់ទាំងអស់ ត្រៀមលក្ខណៈសម្បត្តិអនុវត្តដីការបស់តុលាការ នៅពេលដែលទណ្ឌិតចូលមកប្រទេសកម្ពុជា។
ដោយឡែក សម្រាប់កម្លាំងត្រៀមអនុវត្តការងារនេះ ត្រូវបានអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នឹងប្រើប្រាស់គ្រប់រូបភាព និងគ្រប់មធ្យោបាយទាំងអស់ មិនថាតែនគរបាល ឬកងទ័ពនោះទេ។
លោក ឆាយ គឹមខឿន បានថ្លែងយ៉ាងដូច្នេះថា «យើងឲ្យអស់លទ្ធភាពពាក់ព័ន្ធទាំងអស់ ទាំងនគរបាល ទាំងយោធា ទាំងប៉េអឹម ទាំងកម្លាំងអន្ដោប្រវេសន៍ទៀត [...] យើងជាកងកម្លាំងទោះគាត់មក ឬមិនមក យើងត្រូវតែត្រៀមលក្ខណៈម្ចាស់ការ ហើយគាត់ចង់លលេងជាមួយរដ្ឋាភិបាលមិនបាននោះទេ។ គាត់ចង់មកផ្លូវទឹកក៏បាន ផ្លូវអាកាសក៏បាន ផ្លូវក្រោមដីក៏បានដែរឲ្យតែគាត់ចង់»។
សូមបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ក៏ធ្លាប់បានប្រកាសថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលដីកាបង្គាប់ឲ្យចាប់ខ្លួន ទណ្ឌិត សម រង្សី និងបក្ខពួក ដែលត្រូវតុលាការសម្រេចផ្តន្ទាទោស ហើយបច្ចុប្បន្នកំពុងគេចខ្លួន។
តាមរយៈអ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ បានអះអាងថា ក្នុងតួនាទីជាភ្នាក់ងារអនុវត្តច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយស្របតាមច្បាប់ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពតាមដីការបស់តុលាការ ក្នុងការស្វែងរក និងចាប់ខ្លួនទណ្ឌិត សម រង្ស៊ី និងបក្ខពួកយកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន។
សេចក្ដីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងយ៉ាងដូច្នេះថា «អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិឲ្យបានជ្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលដីកាបង្គាប់ឲ្យចាប់ខ្លួន ទណ្ឌិត សម រង្សី និងបក្ខពួក ដែលត្រូវតុលាការសម្រេចផ្តន្ទាទោស ហើយបច្ចុប្បន្នកំពុងគេចខ្លួន។
ក្នុងតួនាទីជាភ្នាក់ងារអនុវត្តច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយស្របតាមច្បាប់ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពតាមដីការបស់តុលាការ ក្នុងការស្វែងរក និងចាប់ខ្លួនទណ្ឌិត សម រង្ស៊ី និងបក្សពួក យកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន»។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងស្មារតីរួមចំណែកពង្រឹង និងការពារនីតិរដ្ឋ ព្រមទាំងធានាការ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យបានល្អប្រសើរ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិ ចូលរួមគាំទ្រដល់ការអនុវត្តភារកិច្ចរបស់កងកម្លាំងអនុវត្តច្បាប់ និងកុំធ្លាក់ក្នុងឧបាយកលញុះញង់របស់ជនអគតិមួយក្តាប់តូច ដែលកំពុងបំផុសឲ្យប្រជាពលរដ្ឋបះបោរប្រឆាំងអាជ្ញាធរមានសមត្ថកិច្ចដែលសកម្មភាពនេះ គឺជាទង្វើខុសច្បាប់ ហើយក៏ជាទង្វើដែលបង្កឲ្យមានអសន្តិសុខដល់សង្គម ។
ជាមួយគ្នានេះដែរ សូមបញ្ឈប់ជាបន្ទាន់នូវរាល់ចេតនារារាំងការអនុវត្តដីការបស់តុលាការ ព្រោះសកម្មភាពរារាំងការអនុវត្តដីការបស់តុលាការ គឺជាអំពើដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ អគ្គស្នងការដ្ឋាននគរបាលជាតិ សង្ឃឹមយ៉ាងមុតមាំថា សាធារណជនជាតិ និងអន្តរជាតិ នឹងចូលរួមសហការគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា៕