(ភ្នំពេញ)៖ កំណាត់ផ្លូវប្រវែង ១,៣២២ម៉ែត្រ ដែលក្នុងនោះ ផ្លូវ៦០k ប្រវែង ៣២ម៉ែត្រ ទទឹង៨ម៉ែត្រ, ផ្លូវ ៦៨k ប្រវែង១,០០២ម៉ែត្រ ទទឹង ១២ម៉ែត្រ និងគំរោងដាក់លូ ១ខ្សែ ចំកណ្តាលទ្រូវផ្លូវ ស្ថិតនៅភូមិតាងួន២ និងភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានបើកការដ្ឋានជួសជុលកែលំអរ ដោយចាក់បេតុងថ្មី និងរៀបប្រព័ន្ធលូថ្មី នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលថវិកាស្ទើរទាំងស្រុងជាការឧបត្ថម្ភដោយក្រុមហ៊ុនបុរីភ្នំពេញថ្មី ដែលដឹកនាំដោយឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី។
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាននេះ បានលើកឡើងថា ផ្លូវនេះមានសារសំណាស់ ក្នុងការបញ្ចៀសចរាចរណ៍ពីកំណាត់ផ្លូវសហព័ន្ធរុស្សី ពិសេសមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានការកកស្ទះ ឬពេលមានប្រតិភូអន្តរជាតិម្តងៗ យានយន្តគ្រប់ប្រភេទអាចបង្វៀងមកតាមផ្លូវនេះបាន។
ជាការពិតណាស់ ក្នុងពេលដំណើរការស្ថាបនាផ្លូវនេះ ពិតជាជួបបញ្ហាច្រើន ពិសេសប៉ះពាល់ដល់ផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសងខាងផ្លូវនេះ តែដើម្បីបានផ្លូវធំទូលាយ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមជាមួយអាជ្ញាធរ ក្នុងការបង្ខិតរបង ឬដីធ្លីដែលប៉ះពាល់ ដើម្បីឱ្យក្រុមហ៊ុនទទួលការ ដំណើរការអនុវត្តគំរោងឱ្យបានរលូន តាមការគ្រោងទុក។
ទន្ទឹមនឹងនេះ សូមឱ្យអាជ្ញាធរភូមិ-សង្កាត់ រួមសហការជាមួយក្រុមហ៊ុនទទួលការ ត្រូវដាក់ស្លាកសញ្ញាបង្វៀងផ្លូវ និងជួយសម្រួលចរាចរណ៍ ដល់អ្នកដំណើរ ឱ្យប្រើផ្លូវវាងបណ្តោះអាសន្ត តាមលទ្ធភាព ដើម្បីកុំឱ្យប៉ះពាល់ដល់សកម្មភាពការងារ ដែលនាំឱ្យការអនុវត្តគំរោងមានភាពយឺតយ៉ាវ។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បានណែនាំដល់ក្រុមហ៊ុនទទួលការ ត្រូវអនុវត្តឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេ ជាពិសេសបើធ្វើកន្លែងណា ត្រូវកំណត់ប្រវែងឱ្យច្បាស់លាស់ ប្រវែង ៥០ម៉ែត្រ ឬ១០០ម៉ែត្រ ត្រូវធ្វើឱ្យចប់សិន ទាំងការដាក់ប្រព័ន្ធលូ និងចាក់បេតុង ហើយចាំបន្តទៅមុខទៀត ព្រោះថា ផ្លូវនេះចង្អៀត មានចរាចរណ៍មមាញឹកណាស់ មិនអាចបិទទាំងស្រុងបានទេ៕