(កណ្តាល)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ២២០០នាក់ ក្នុងឱកាសដង្ហែរអង្គផ្កាប្រាក់មហាសាមគ្គីវេរប្រគេនវត្តអង្គជុំភ្នំចចក ដើម្បីកសាងព្រះវិហារ ស្ថិតនៅឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៨ ខែសីហានេះ។

កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានខិតខំយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដោយខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងស្វែងរកនូវសុខសន្តិភាព។ ជាមួយគ្នានេះ បានចាត់បញ្ជូន និងពង្រីកមន្ត្រីគណបក្សប្រជាជនកម្ពុជា ឲ្យចុះគ្រប់ខេត្តក្រុង ដើម្បីដឹងសុខទុក្ខបំរើប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋ បានពេលវេលាផងដែរ។

នាយឧត្តមសេនីយ៍បានថ្លែងបញ្ជាក់ថា «មានសម្តេចតេជោ ហ៊ុន សែន មានសុខសន្តិភាព, មានសម្តេចតេជោ ហ៊ុន សែន មានការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចជាតិ»។ ជាថ្មីម្តងទៀត នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានប្រកាសថា បើក្រុមប្រឆាំងរកឃើញថា លោកមានទ្រព្យសម្បត្តិទុកនៅអាមេរិក ឬប្រទេសណាមួយនោះ សូមឲ្យរដ្ឋាភិបាលនោះ បង្កកទ្រព្យសម្បត្តិ របស់លោកទៅ។ ប្រតិកម្មម្តងទៀតនេះ ក៏ដោយសារតែក្រុមប្រឆាំងតែងតែបំភ្លើងព័ត៌មានថា នាយឧត្តមសេនីយ៍ បានលាក់ទុកទ្រព្យសម្បត្តិរាប់រយលានដុល្លារនៅក្រៅប្រទេស។

នាយឧត្តមសេនីយ៍ ក៏បានសំដែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរដែនដី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំង១៨ឃុំ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលកន្លងមក បានខិតខំចូលរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ ជាពិសេស ការការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ដោយអនុវត្តបាននូវភូមិឃុំមានសុវត្ថិភាព។

លោកកិត្តិបណ្ឌិត ក៏បាផ្តាំផ្ញើដល់មន្ត្រីអាជ្ញាធរដែនដី កងកម្លាំងអាវុធ និងប្រជាពលរដ្ឋ បន្តចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព សុខសន្តិភាព និងណែនាំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ក្នុងឱកាសនោះ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី ក៏បានប្រគេនបច្ច័យដែលប្រមូលបានពីបុណ្យអង្គការប្រាក់មហាសាមគ្គីវេរប្រគេនវត្តអង្គជុំភ្នំចចក មានភេសជ្ជៈ, គ្រឿងឧបភោគ បរិភោគ រួមនឹងបច្ច័យចំនួន ១២លានរៀល និងបានបន្ថែមថវិកា ៤ម៉ឺនដុល្លា សម្រាប់ថ្លៃជាងកសាងព្រះវិហារ ព្រមទាំងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកតាលោកយាយ, ក្រុមប្រឹក្សាឃុំ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលបានចូលរួមជាច្រើនទៀតផងដែរ៕