(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានណែនាំឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធត្រៀមលក្ខណៈ ចូលរួមដំណើរការប្រឡងសញ្ញាបត្រ (បាក់ឌុប) នាសម័យប្រឡងថ្ងៃទី១៩-២០ ខែសីហាឆ្នាំ២០១៩ ខាងមុខនេះ ប្រកបដោយរលូន យុត្តិធម៌ និងឲ្យទទួលបានលទ្ធផលដោយជោគជ័យ។
ការណែនាំនេះធ្វើឡើងនៅក្នុងឱកាស លោកអភិបាលខេត្តដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតលើកទី១៨ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពត។
លោក ជាវ តាយ បានបញ្ជាក់ថា «ដើម្បីឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងនៅថ្ងៃទី១៩-២០ ខែសីហាឆ្នាំ២០១៩នេះ ប្រព្រឹត្តទៅប្រកបដោយប្រក្រតី មានសណ្ដាប់ធ្នាប់ របៀបរៀបរយ ល្អ ធានា បាននូវយុត្តិធម៌ជូនបេក្ខជន និងមាតា បិតា ឬអាណាព្យាបាលរបស់បេក្ខជន»។
នៅចំពោះមុខជាការចាំបាច់នេះ ដោយផ្អែកតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡានោះ រដ្ឋបាលខេត្ត ត្រូវតែខិតខំយកចិត្តទុកដាក់ជាការចាំបាច់ ដូច្នេះដើម្បី ឲ្យការងារប្រឡងបាក់ឌុប ទទួលលទ្ធផលល្អ និងជោគជ័យនោះ សូមឲ្យអាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តទាំងអស់ ត្រូវពង្រឹងការរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងដំណាក់កាល នៃការប្រឡងទាំងក្នុង និងក្រៅមណ្ឌលប្រឡងឲ្យធានាបាននូវបរិយាកាសល្អ។ ពិសេសឆ្លើយតបពាក់ព័ន្ធវិធានការណ៍ ណែនាំរបស់ក្រសួងមហាផ្ទៃ។
លោកអភិបាលខេត្ត ក៏បានណែនាំឲ្យអង្គភាព ឬមន្ត្រីពាក់ព័ន្ធលើកផែនការដើម្បីត្រៀមជួយអន្តរាគមន៍ ដល់បេក្ខជន ឬមន្ត្រីបម្រើការឲ្យនៅថ្ងៃប្រឡង ត្រូវចូលរួមទប់ស្កាត់បាតុភាពមិនប្រក្រតីនានា ដែលអាចកើតមានឡើង។
ក្រៅពីនេះលោកអភិបាលខេត្ត ក៏បានវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះលទ្ធផលការងារ ដែលរដ្ឋបាលខេត្តកំពតសម្រេចបានកន្លងមកនេះ ដោយផ្ដើមចេញពីការខិតខំ របស់អាជ្ញាធរ និងជំនាញផ្នែកពាក់ព័ន្ធផ្អែកលើកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មានចក្ខុវិស័យត្រឹមត្រូវច្បាស់លាស់ ដែលជាឱកាសធ្វើឲ្យប្រជាពលរដ្ឋយើង និងអាជ្ញាធរ សមត្ថកិច្ច ជំនាញគ្រប់ផ្នែកគ្រប់ថ្នាក់រួមគ្នាអនុវត្ត និងដោះស្រាយ សម្រេចលទ្ធផលល្អប្រសើរ។
លោកអភិបាលខេត្ត ក៏បានរំលឹកថាកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនាពេលនេះ ពិតជាសំខាន់ដើម្បីឆ្លុះបញ្ចាំងពីភាពរីកចម្រើននិងភាពវិជ្ជមាន-អវិជ្ជមាន ដើម្បីរួកគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ សំដៅបម្រើអោយការអភិវឌ្ឍ និងបម្រើសេវារដ្ឋបាល-សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយភាពទន់ភ្លន់តែម៉ឺងម៉ាត់ចំពោះច្បាប់។
តាមការឲ្យដឹងក្នុងកិច្ចប្រជុំនេះផងដែរ សម្រាប់ខេត្តកំពត មានមណ្ឌលប្រឡង ចំនួន១០ ក្នុងនោះស្ថិតនៅក្នុងក្រុងកំពតចំនួន៨មណ្ឌល និងស្រុកទឹកឈូចំនួន២មណ្ឌល និងមានបន្ទប់ប្រឡងចំនួន២១១បន្ទប់៕