(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីកិច្ចសហការ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩។
ដើម្បីឲ្យការប្រឡង ប្រព្រឹត្តទៅប្រកបដោយប្រក្រតី មានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងធានាបានយុត្តិធម៌ជូនបេក្ខជន និងមាតា បិតា ឬអាណាព្យាបាលរបស់បេក្ខជន រដ្ឋបាលខេត្តកំពង់ស្ពឺ សូមដាក់ចេញនូវវិធានការ ដូចខាងក្រោម៖
* គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រដ្ឋបាលក្រុងច្បារមន និងរដ្ឋបាលស្រុកសំរោងទងត្រូវរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយតាមមណ្ឌលប្រឡងទូទាំងក្រុងស្រុក។
* រក្សាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងរក្សាទុកដាក់រឹបវិញ្ញាសារ និងដុំកិច្ចការរបស់បេក្ខជននៅតាមក្រុង/ស្រកគោលដៅ។
* រៀបចំសន្តិសុខ និងសុវត្ថិភាពដល់គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ នៅគ្រប់ដំណាក់កាលនៃការប្រឡង។
* ទប់ស្កាត់ការថតចម្លងនូវសំណៅឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការប្រឡងតាមគ្រប់រូបភាពពិសេសការផ្អាកអាជីវកម្មថតចម្លងឯកសារ នៅទីតាំងជុំវិញបរិវេណមណ្ឌលប្រឡង។
* រក្សាសន្តិសុខ សុវត្ថិភាពដល់បេក្ខជនប្រឡង និងអាណាព្យាបាល ដែលមកស្នាក់នៅទីរួមខេត្តនិងក្រុង/ស្រក គោលដៅដែលមានមណ្ឌលប្រឡង ព្រមទាំងអន្តរាគម៍ដល់ម្ចាស់សណ្ឋាគារ ផ្ទះ
សំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានក្នុងខេត្តទាំងអស់កុំឲ្យតម្លើងថ្លៃសេវា។
* រក្សាទុក និងប្រគល់ជូនដល់បេក្ខជននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ដែលគណៈមេប្រយោគបានដកហូតពីបេក្ខជន។
* ផ្តល់រថយន្តសង្គ្រោះ និងបុគ្គលិកសុខាភិបាលប្រចាំការ នៅតាមមណ្ឌលប្រឡងដើម្បីជួយសង្គ្រោះដល់បេក្ខជន ឬបុគ្គលិកអប់រំដែលមានបញ្ហាសុខភាព។
* ជួយសម្រួលចរាចរណ៍ និងលើកលែងការផាកពិន័យចរាចរណ៍ ដល់បេក្ខជនដែលធ្វើដំណើទៅមណ្ឌលប្រឡងនៅថ្ងៃប្រឡង។
* ចូលរួមទប់ស្កាត់បាតុភាពមិនប្រក្រតី ដែលអាចកើតមាន៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ស្ពឹ៖