(ត្បូងឃ្មុំ)៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ (លបស្បៃមុង) ២កន្លែងផ្សេងគ្នា នៅភូមិសាស្រ្តស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
នគរបាលបានឱ្យដឹងថា ក្នុងការចុះបង្ក្រាបនេះ កម្លាំងបានដកហូតនូវឧបករណ៍នេសាទខុសច្បាប់មួយចំនួន ២កន្លែងផ្សេងគ្នា ក្នុងនោះមាន៖
*ទី១៖ នៅចំណុចទំនប់ចុងចន្ទល់ ក្រោយភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ បង្ក្រាបបាន លបស្បៃមុងចំនួន ០២មាត់ ប្រវែង៥០ម៉ែត្រ របាំងព្រួលប្រវែង ១០០ម៉ែត្រ បង្គោលឬស្សី ៣៥បង្គោល (សម្ភារៈខាងលើត្រូវបានកាប់បំផ្លាញចោលនៅហ្នឹងកន្លែង)
*ទី២៖ នៅចំណុចស្ទឹងអណ្ដោត ក្រោយភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ បង្ក្រាបបាន លបស្បៃមុងចំនួន ០៥មាត់ ប្រវែង៦០ម៉ែត្រ របាំងព្រួលប្រវែង ៤៥០ម៉ែត្រ បង្គោលឬស្សី ១៦៥ បង្គោល (សម្ភារៈខាងលើត្រូវបានកាប់បំផ្លាញចោលនៅហ្នឹងកន្លែង) និងលែងកូនត្រីចំរុះ ចំនួន២០គីឡូក្រាម ចូលទៅក្នុងទឹកវិញ ៕