(កោះកុង)៖ លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ថា អត្រាជំងឺគ្រុនឈាមនៅខែកក្កដា និងខែសីហា ដើមឆ្នាំ២០១៩ មានអត្រាធ្លាក់រហូតដល់ ១៥ភាគរយ (ទាបបំផុត) រហូតដល់មាន ១៦ករណី ហើយអត្រាស្លាប់ម្នាក់ ទៅលើកុមារដែលរស់នៅតាមកោះដាច់ស្រយាល។
លោកបានឲ្យដឹងបន្តថា ក្រោយពីពិនិត្យទៅលើរបាយការណ៍ នៅគ្រប់មន្ទីរពេទ្យឃើញថា ជំងឺគ្រុនឈាមនៅតែមានស្ថានភាព គួរឲ្យមានចំណាប់អារម្មណ៍ និងមានភាពសប្បាយរីករាយក្រៃលែង ដោយមើលឃើញនូវការព្យាបាល និងការផ្សព្វផ្សាយអប់រំពីវិធីសាស្រ្ត នៃការការពារពីបញ្ហាគ្រុនឈាម ដែលមានកំណើនខ្ពស់ស្ទើទូទាំងប្រទេស។
តែទោះបីអត្រាជំងឺគ្រុនឈាម មានអាត្រាធ្លាក់ចុះ មន្ត្រីសុខាភិបាលខេត្តនៅតែបើកយុទ្ធនាការ បាញ់ថ្នាំបំបាត់ជម្រកមូស ហើយដាក់ថ្នាំអាបែតបន្តរាល់ថ្ងៃ នៅតាមភូមិ សាលារៀន គ្រប់បណ្តាស្រុកគ្រប់មូលដ្ឋាន និងអប់រំប្រជាពលរដ្ឋបានយល់ដឹងផងដែរ។
លោក ទៅ ម៉ឹង បន្តថា បើមន្ត្រីជំនាញរកឃើញថា គ្រុនឈាមមានអាត្រាទាប នៅមូលដ្ឋានណាដែលមានអត្រាទាប់ មន្ត្រីជំនាញនៅតែចុះប្រតិបត្តិការណ៍ឲ្យបានរហ័ស ព្រោះជំងឺគ្រុនឈាម វាអាចកើតលើមនុស្សគ្រប់វ័យ មិនថាចាស់ ឬក្មេងនោះទេ ហើយវាប្រឈមគ្រោះថ្នាក់ជានិច្ច បើសិនមិនធ្វើតាមការណែនាំ របស់ក្រុមគ្រូពេទ្យដែលណែនាំអប់រំជាប្រចាំ។
លោកបានប្រាប់ឲ្យគ្លីនិចឯកជន ហាមដាច់ខាតមិនឲ្យព្យាបាលជំងឺគ្រុនឈាមឡើយ ហើយប្រជាពលរដ្ឋត្រូវពិនិត្យ និងពិគ្រោះជាក្រុមលោកគ្រូពេទ្យជំនាញៗ ដើម្បីធ្វើការព្យាបាល។
លោកក៏បានអំពាវនាវដល់ពលរដ្ឋ ត្រូវអនុវត្តន៍តាមការអបរំណែនាំរបស់មន្ត្រីជំនាញសុខាភិបាល ឲ្យមានការប្រុងប្រយ័ត្នចំពោះកូនចៅ ពាក់អាវខោជើងវែងដៃវែង គេងនៅក្នុងម៉ុង ថែរក្សាបរិស្ថានបរិវេនជុំវិញផ្ទះ ដុតកាកសំណល់ចោល ដើម្បីកម្ចាត់ជម្រកសត្វមូស៕