(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ បានដឹកនាំសម្របសម្រួល ចុះធ្វើការត្រួតពិនិត្យ និងស្តាប់សេចក្តីរាយការណ៍អំពីការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ តាមបណ្តាខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរីចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។
បេសកកម្មរបស់គណៈកម្មការជាតិនាពេលនេះ មានគោលដៅសំខាន់ គឺការពារព្រៃឈើ ដែលនៅសល់ឲ្យគង់វង្ស ពង្រឹងការអនុវត្តច្បាប់ ការពារវិនិយោគទន់ស្របច្បាប់ បង្ក្រាបការបំពានច្បាប់។
នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញជាទិសស្លោកចំនួន៤ «ប្រទេសជាតិត្រូវតែការពារ ប្រជាជនត្រូវតែបម្រើ ទាំងអស់គ្នាគោរពច្បាប់ និងបទល្មើសត្រូវតែបង្ក្រាបដោយម៉ឺងមាត់»។
ជាលទ្ធផល បានរកឃើញនូវបញ្ហាមួយចំនួន ដែលបង្កឲ្យមានបទល្មើសព្រៃឈើ ហើយ នាយឧត្តមសេនីយ៍ បានដាក់ចេញនូវវិធានការបន្ទាន់ និងការងារបន្តធ្វើដូចខាងក្រោម៖
*ទី១៖ ពង្រឹងការចេញលិខិតបទដ្ឋាននានា ពាក់ព័ន្ធនឹងផលអនុផលព្រៃ ដីសម្បទាននានា ជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ អនុវត្តនីតិវិធីត្រឹមត្រូវ
*ទី២៖ ពង្រឹងការគ្រប់គ្រងតាមសមត្ថកិច្ចរបស់ខ្លួន
*ទី៣៖ ត្រូវធ្វើការត្រួតពិនិត្យ ណែនាំក្រុមហ៊ុនឲ្យអនុវត្តតាមកិច្ចសន្យា កិច្ចព្រមព្រៀង និងសហការឲ្យបានល្អ ត្រឹមត្រូវតាមច្បាប់
*ទី៤៖ រួបរួមគ្នាចូលរួមធ្វើការល្បាត ពួនស្ទាក់តាមយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក សំខាន់មន្ត្រីជំនាញទាំង២ រដ្ឋបាលព្រៃឈើ បរិស្ថាន ត្រូវរៀបចំផែនការ ដឹកនាំ អនុវត្ត និងមានការដឺកនាំត្រួតពិនិត្យ ពីសំណាក់ប្រធានគណៈបញ្ជាការឯកភាព
*ទី៥៖ បន្តខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។ មធ្យោបាយដែលកែច្នៃសម្រាបតែបំផ្លាញឈើ ត្រូវតែបន្តកម្ទេចចោល រីឯមធ្យោបាយប្រើប្រាស់ជាប្រយោជន៍បានរក្សាទុក និងឈើដែលរឹបអូសការពារ កុំឲ្យបាត់បង់ កុំឲ្យឆេះ រក្សាទុករងចាំការសម្រេច។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ការងារបន្តសុំឲ្យអប់រំផ្សព្វផ្សាយច្បាប់ដល់មន្ត្រីក្រោមឱវាទ, សុំពង្រឹងជំនាញបរិស្ថាន រដ្ឋបាលព្រៃឈើ ដោយធ្វើផែនការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ, ពេលមានកិច្ចប្រជុំសុំដាក់ខ្លឹមសារអំពីព្រៃឈើធ្វើការពិភាក្សា ដាក់ចេញទិសដៅបន្ត និងត្រូវគ្រប់គ្រងមន្ត្រីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ត្រូវធ្វើជាគំរូ៕