(តាកែវ)៖ ប្រជាពលរដ្ឋបានសម្តែងការស្ញប់ស្ញែង និងកើតសរសើរចំពោះលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាននោះ បានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ជួបគ្រោះឧប្បត្តិហេតុផ្សេងៗ។
នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ លោក គន់ គីម បានដឹកនាំកម្លាំងជួយសង្គ្រោះបុរសធ្លាក់កៀបក្នុងថ្ម រហូតទទួលបានជោគជ័យនៅយប់អាធ្រាត្រ បើទោះប្រតិបត្តិការនោះ មានការនឿយហត់យ៉ាងណាក្តី តែព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ លោកបានបន្តជួបថ្នាក់ដឹកនាំ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ដើម្បីពិភាក្សាដោះស្រាយលើបញ្ហាគ្រោះមហន្តរាយនៅក្នុងខេត្តតាកែវថែមទៀត។
កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលាខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងមន្ត្រីរាជការតាមមន្ទីរ ស្ថាប័នពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ អង្គការជាដៃគូ និងអាជ្ញាធរមូលដ្ឋានទូទាំងខេត្តប្រមាណ២៨៩នាក់។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានរំលឹកពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយឧប្បហេតុនានា។
លោកបានរំលឹកថា ដូចជាករណីបុរសម្នាក់កៀបជាប់ថ្មលើភ្នំនៅខេត្តបាត់ដំបង សម្តេចតេជោ បើទោះបីរវល់នឹងកិច្ចការជាតិយ៉ាងណាក្តី សម្តេចបានបញ្ជាចាត់ចែងលោកផ្ទាល់ ឱ្យប្រឹងប្រែងជួយសង្គ្រោះជីវិតបុរសរូបនេះ។
ទេសរដ្ឋមន្ដ្រី គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះ «សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ខ្ពស់ជួយសង្គ្រោះ ជនរងគ្រោះគ្រប់រូប។ សម្តេចទាំងទ្វេមិនដែលព្រងើយកន្តើយឡើយចំពោះជនរងគ្រោះ ដូច្នេះយើងជាមន្ត្រី ជាភ្នែក ជាច្រមុះរបស់គាត់ត្រូវតែជួយសង្គ្រោះ ជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះឧប្បត្តិហេតុផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។ យើងមិនត្រូវធ្វើឱ្យប្រជាពលរដ្ឋខកចិត្ត ខកបំណង ខូចឈ្មោះសម្តេច ខូចឈ្មោះរាជរដ្ឋាភិបាល ព្រោះតែការព្រងើយកន្តើយ ព្រោះតែភាពអសកម្មភាពរបស់យើងនោះទេ»។
លោកទេសរដ្ឋមន្រ្តី ក៏បានលើកសសើរការខិតខំបំពេញការងាររបស់ គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលបានខិតខំបំពេញការងារកន្លងមក និងមានផែនការលម្អិតច្បាស់លាស់ក្នុងការគ្រប់គ្រង និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយដែលកើតឡើង ព្រមទាំងបានណែនាំ គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការងារប្រមូលព័ត៌មានពីគ្រោះមហន្តរាយឱ្យបានលឿន ដើម្បីឆ្លើយតប ឱ្យបានទាន់ពេលវលាដោយប្រើកម្លាំងសរុប មធ្យោបាយសរុបផ្តោតសំខាន់លើការសង្គ្រោះអាយុជីវិតមនុស្សជាអាទិភាព និងត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព របស់មន្ត្រីយើង ដើម្បីមានគ្រប់លក្ខណៈសម្បត្តិក្នុងការឆ្លើយតប បានទៅគ្រប់សភាពការណ៍ដែលកើតឡើង។
តាមរបាយការណ៍របស់ លោក អ៊ូច ភា អភិបាលខេត្ត បានឱ្យដឹងថា ខេត្តតាកែវ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ឃើញថាតួលេខ នៃចំនួនករណីគ្រោះមហន្តរាយ មានការធ្លាក់ចុះ ជាបន្តបន្ទាប់ធ្វើឱ្យការរស់នៅការប្រកបអាជីវកម្មរបស់ ប្រជាពលរដ្ឋទូទាំងខេត្តទទួលបានសុខសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសការបង្កបង្កើនផល ទទួលបាននូវភោគផលកសិកម្មកើនឡើន និងសម្រេចបាននូវសមិទ្ធផលផ្សេងៗ មួយចំនួនទៀត គួរជាទីមោទនៈ។
ទន្ទឹមនឹងការសម្រេចបានលទ្ធផលទាំងនេះ នៅក្នុងឆ្នាំ២០១៩ ឆមាសទី១ ខេត្តតាកែវ ក៏បានជួបប្រទះនូវគ្រោះមហន្តរាយមួយចំនួន ដូចជាខ្យល់កន្ទ្រាក់បានធ្វើឱ្យប៉ះពាល់ និងរលំផ្ទះប្រជាពលរដ្ឋទាំងស្រុង ចំនួន៦១ខ្នង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៤៣៩ខ្នង រន្ទះបាញ់ស្លាប់មនុស្សចំនួន០៤នាក់ និងរបួសចំនួន០៥នាក់ គឺមានកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៨ ទទួលផលប៉ះពាល់ និងរលំផ្ទះប្រជាពលរដ្ឋទាំងស្រុងត្រឹមតែ ចំនួន១៤ខ្នង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១៣៦ខ្នង រន្ទះបាញ់ស្លាប់មនុស្សចំនួន០៥នាក់ និងរបួសចំនួន០៣នាក់ តែប៉ុណ្ណោះ៕