(ភ្នំពេញ)៖ ថ្មីៗនេះតាមការសង្កេតនៅលើទីផ្សារឃើញថាវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជាកំពុងតែមានសន្ទុះខ្លាំង ក្នុងនោះដែរក្រុមហ៊ុនទ្រូម៉ាន់នីជាក្រុមហ៊ុនវេរលុយមួយ ដែលមានភ្នាក់ងារច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា គ្របដណ្តប់ទូទាំងប្រទេស យោងតាមគេហទំព័រហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុនទ្រូម៉ាន់នី។
តាមការសាកសួរភ្នាក់ងារទ្រូម៉ាន់នីមួយកន្លែង ដែលធ្លាប់ជាភ្នាក់ងារវេរលុយរបស់ក្រុមហ៊ុន ផ្សេងទៀត បានលើកឡើងថា ពីមុនពួកគេធ្លាប់ជាភ្នាក់ងាររបស់ក្រុមហ៊ុនផ្សេង តែដោយសារបច្ចុប្បន្ន ប្តូរជាភ្នាក់ងារទ្រូម៉ាន់នីវិញដោយសារតែតម្រូវការ វេរលុយតាមក្រុមហ៊ុនទ្រូម៉ាន់នីមានកំណើនច្រើន។
ភ្នាក់ងារទ្រូម៉ាន់នីមួយកន្លែងដែលមានស្លាកយីហោ រតនា168 គាត់បានបង្ហើបថា៖ «ខ្ញុំជាភ្នាក់ងារមួយដែលចាប់ដៃជាមួយក្រុមហ៊ុនទ្រូម៉ាន់នី តាំងពីបើកដំបូងមកម្ល៉េះ ក៏ព្រោះតែទំនុកចិត្តជាមួយទ្រូម៉ាន់នី អាចនិយាយបានថាក្រុមហ៊ុនទ្រូម៉ាន់នី ជាក្រុមហ៊ុនអន្តរជាតិហើយខ្ញុំជឿជាក់ថាខ្ញុំនិងទទួលបានអតិថិជនច្រើនពីក្រុមហ៊ុនទ្រូម៉ាន់នី។
តាមការសង្កេតស្លាកសញ្ញាក្រុមហ៊ុនទ្រូម៉ាន់នីគឺមានពណ៌ទឹកក្រូចតែបច្ចប្បន្ននេះ បើមើលតាមទីផ្សារភ្នាក់ងារមួយចំនួនមានពណ៌ត្រួយចេកខ្ចីលាយគ្នាជាមួយនឹងពណ៌ទឹកក្រូចដែលយើងអាចមើលដឹងថាជាក្រុមហ៊ុនវេរលុយវីង និងទ្រូម៉ាន់នី។
ពាក់ព័ន្ធនឹងបញ្ហានេះ យើងក៏ព្យាយាមទាក់ទងទៅកាន់ថ្នាក់ដឹកនាំក្រុមហ៊ុនទ្រូមាន់នី ក៏ដូចជាក្រុមហ៊ុនវីង តែពុំមានភាគីណាអាចផ្តល់ចម្លើយបាននោះទេ។ ដោយឡែក លោក កូ ប៊ុនសុង នាយកផ្នែកលក់ ក្រុមហ៊ុន ទ្រូម៉ាន់នី បានលើកឡើងថា៖ «ខ្ញុំគិតថាវាជាសេរីភាព របស់ភ្នាក់ងាររៀងៗខ្លួន ព្រោះភ្នាក់ងារនឹងជ្រើសរើសយកក្រុមហ៊ុនណា ដែលអាចរកប្រាក់ចំណូលបានច្រើន។ សម្រាប់ក្រុមហ៊ុន ទ្រូម៉ាន់នី យើងឃើញថា ភ្នាក់ងារពេញចិត្តច្រើនចំពោះការយកចិត្តទុកដាក់របស់យើង ជាក់ស្តែង យើងមិនសូវមានភ្នាក់ងារដែលប្តូរទៅក្រុមហ៊ុនផ្សេងនោះទេ។ គឺមានតែក្រុមហ៊ុនដែលជាគូប្រកួតប្រជែងយើងទេ ដែលមកសុំធ្វើជាភ្នាក់ងារទ្រូម៉ាន់នី»។
គួរបញ្ជាក់ផងដែរថា ទាំងក្រុមហ៊ុនវីង និងក្រុមហ៊ុនទ្រូម៉ាន់នី បច្ចុប្បន្នគឺ មានការអះអាងថា ជាក្រុមហ៊ុននាំមុខគេ ដោយក្រុមហ៊ុនវីងគឺធ្វើប្រតិបត្តការ ក្រោមអាជ្ញាប័ណ្ណ ជាធនាគារ ឯកទេស ចំណែកឯក្រុមហ៊ុន ទ្រូម៉ាន់នី ក៏អះអាងថាជាក្រុមហ៊ុនលំដាប់លើគេ ក្នុងប្រតិបត្តិការជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលគេហៅថា ហ្វីនថិច (FinTech)៕