(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖៤៥នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និងលោកស្រី ចាយ៉ាន់ធី ស៊ីរីសេនា ភរិយារបស់លោក បានអញ្ជើញទៅដល់ ព្រះបរមរាជវាំងកម្ពុជាហើយ ដើម្បីចូលគាល់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី។

បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ ដោយមានការទទួលស្វាគមន៍យ៉ាងសមរម្យ នៅព្រះបរមរាជវាំងហើយនោះ ប្រធានាធិបតីស្រលង្កា និងភរិយា នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ព្រមទាំងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ផងដែរ។

ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានអញ្ជើញមកដល់កម្ពុជា នៅម៉ោងជាង ១១៖០០ ព្រឹកថ្ងៃទី០៧ ខែសីហានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅរយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងចូលគាល់ ព្រះករុណា ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង។ លោកប្រធានាធិបតី ក៏នឹងអញ្ជើញជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលក្នុងអំឡុងពេលនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យជាច្រើននឹងត្រូវលើកយកមកពិភាក្សា សំដៅពង្រឹងថែមទៀតនូវចំណងទាក់ទងមិត្តភាព រវាងប្រទេសទាំងពីរ ដែលបានចងភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅ តាមរយៈព្រះពុទ្ធសាសនា។

ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាការព្រួយបារម្ភនិងផលប្រយោជន៍រួមផងដែរ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកប្រធានាធិបតី និងសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសាក្សីក្នុង ពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

ក្នុងកំលុងពេលស្នាក់នៅប្រទេសកម្ពុជា ប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញទៅកាន់វត្តលង្កា និងប្រគេនសម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា នូវកូនដើមពោធិ៍ នៃមហាពោធិព្រឹក្សពីក្រុងអនុរាធបុរៈ។ បន្ទាប់មកលោកនឹងអញ្ជើញចូលរួម ក្នុងពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ដែលទទួលអំណោយដើមឈើប្រភេទនេះចំនួន១០ដើម ពីលោកប្រធានាធិបតី ។

លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា និងសមាជិកគណៈប្រតិភូ ក៏នឹងអញ្ជើញទៅទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ ក្នុងខេត្តសៀមរាបផងដែរ។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជា របស់លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហ-ប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងកម្ពុជានិងស្រីលង្កា។

កម្ពុជា និងស្រីលង្កា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៨ ខែឧភា ឆ្នាំ១៩៥២ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅឆ្នាំ១៩៧៥។ លុះដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៦ ទំនាក់ទំនងការទូតត្រូវបានបង្កើតឡើងវិញ។ បច្ចុប្បន្នកម្ពុជា មិនទាន់មានស្ថានទូតប្រចាំនៅស្រីលង្កា នៅឡើយទេ ហើយស្រីលង្កាការក៏មិនទាន់មានស្ថានទូតនៅកម្ពុជាផងដែរ។

បច្ចុប្បន្ននេះទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងស្រីលង្កា នៅមានចំនួនតិចតួចនៅឡើយ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីររយៈពេល៦ ឆ្នាំ២០១៨កន្លងទៅ មានជិត២លានដុល្លារ។ ក្នុងនោះកម្ពុជានាំចូលពីស្រីលង្កាជាង ១លានដុល្លារ ហើយនាំចេញទៅស្រីលង្កាវិញមានជាង ៦១ម៉ឺនដុល្លារអាមេរិក។

កម្ពុជាទទួលបានអ្នកទេសចរពីស្រីលង្កាកាលពីឆ្នាំ២០១៨ជិត ៤ពាន់នាក់។ ស្រីលង្កាធ្លាប់បានជួយផ្តល់ជំនួយមួយចំនួនដល់កម្ពុជាសម្រាប់វិស័យអប់រំ ហើយកម្ពុជាធ្លាប់បានផ្តល់ជំនួយសរុបប្រមាណ ២០ម៉ឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់កាលពីឆ្នាំ២០១៦ និង២០១៧៕