(ភ្នំពេញ)៖ ផ្សារទំនើបទើបបើកថ្មី «The Olympia Mall» ដែលស្ថិតចំកណ្តាលទីក្រុងភ្នំពេញ និងហ៊ុមព័ទ្ធដោយអគារស្នាក់នៅ និងខុនដូរស្តង់ដារខ្ពស់ បានទាក់ទាញដួងចិត្តប្រជាពលរដ្ឋកាន់តែខ្លាំងឡើងៗ ដោយក្នុងមួយថ្ងៃៗ មានប្រជាពលរដ្ឋចូលមកលេងកំសាន្ដ ខ្ទង់ម៉ឺននាក់។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក សយ រតនា ប្រធានផ្នែកទីផ្សារ និងទំនាក់ទំនងសាធារណៈនៃផ្សារទំនើប «The Olympia Mall» បានបញ្ជាក់ថា «តាំងពីបើកមកចំនួនអតិថិជនគាំទ្រមានកើនឡើងជាបន្ដបន្ទាប់ជារៀងរាល់ថ្ងៃ... រាល់ថ្ងៃច័ន្ទដល់សុក្រ មានប្រជាពលរដ្ឋចូលលេងកំសាន្ដជាង១ម៉ឺននាក់ និងថ្ងៃសោរ៍-អាទិត្យ ជាង២ម៉ឺននាក់»។
លោកបានឲ្យដឹងទៀតថា ចំនួននេះគឺជាចំនួនមួយដ៏ល្អ សម្រាប់ផ្សារទំនើប «The Olympia Mall» ដែលផ្សារទើបបើកថ្មី តែមានការគាំទ្រច្រើនពីមហាជន។
ផ្សារទំនើបនេះ មានចំណុចទាក់ទាញជាច្រើន គឺស្ថិតចំទីតាំងផ្លូវសំខាន់ៗដ៏មមាញឹក និងនៅជាប់ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាកន្លែងយុវជន និងប្រជាពលរដ្ឋភាគច្រើនឆ្លងកាត់ និងមានស្ពានអាកាសថ្មើជើងជាលើកដំបូងនៅកម្ពុជា ដើម្បីងាយស្រួលដល់អតិថិជនក្នុងការធ្វើដំណើរ ដែលវាក៏បានក្លាយជាជាកន្លែងថតរូប ដ៏ពេញនិយមមួយផងដែរ។
ផ្សារ Olympia Mall នេះក៏មានកន្លែងកម្សាន្តកុមារ បំពាក់ដោយបច្ចេកវិទ្យាបែបអប់រំ មានភោជនីយដ្ឋានបរទេសធំៗ និងអាហារដ្ឋានចម្រុះ (Food Court) រោងកុនទំនើបលក្ខណៈគ្រួសារ យុវវ័យ ព្រមទាំងមានជណ្ដើរយន្តវែងជាងគេទៀតផង។
ក្រៅពីមកទិញទំនិញ នៅក្នុងហាងសំលៀកបំពាក់ល្បីៗ អតិថិជនក៏អាចទៅលេងសួរច្បារ ក្លឹបហាត់ប្រាណ អាងហែលទឹក សួនលើកញ្ចក់ និងសេវាកម្ម ផ្សេងៗទៀតជាច្រើន ដែលនៅជុំវិញបរិវេណផ្សារ Olympia Mall ។
បើតាមការបញ្ជាក់របស់លោក សយ រតនា ក្នុងពេលឆាប់ៗ ខាងមុខនេះ រោងកុន Legend នឹងបើកដំណើរការផងដែរ ដែលជារោងកុនខ្នាតធំ ដែលមានភាពទំនើបបំផុតជាងគេ បំពាក់បច្ចេកចុងក្រោយ ដើម្បីបំពេញតម្រូវការរបស់យុវវ័យ។
ទោះបីជានៅក្នុងប្រទេសកម្ពុជា មានផ្សារទំនើបជាច្រើន បានកកើតជាបន្ដបន្ទាប់យ៉ាងណាក្ដី លោកនៅតែមានជំនឿជឿជាក់ទៅលើផ្សារ Olympia Mall នៅតែមានសកម្មភាពជាច្រើនទាក់ទាញ ធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយ ដែលមកលេងកំសាន្ដនៅទីនេះ។
លោក សយ រតនា ក៏បានសំណូមពរដល់អតិថិជនទាំងអស់ ដែលគាំទ្រផ្សារទំនើប «The Olympia Mall» សូមបន្ដមកធ្វើដំណើរកំសាន្ត ទិញទំនិញ និងស្រស់ស្រូបអាហារឆ្ងាញ់ៗ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ជាមួយនឹងក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។
សូមបញ្ជាក់ថា គម្រោងផ្សារទំនើប «The Olympia Mall» មានទំហំជាង៣ម៉ឺនម៉ែត្រការ៉េ កម្ពស់៧ជាន់ ដែលជាមជ្ឈមណ្ឌលលក់ទំនិញគ្រប់ប្រភេទ។ ផ្សារទំនើបថ្មីនេះ មិនទាន់បញ្ឈប់ការអភិវឌ្ឍន៍ត្រឹមតែដូចបច្ចុប្បន្ននេះឡើង គឺនៅមានដំណាក់កាលទី២ បន្តទៀតដែលមានលក្ខណៈធំជាងដំណាក់កាលទី១នេះ រហូតដល់ទៅ២ដង ដែលមានច្រកភ្ជាប់គ្នាពីដំណាក់កាលទីមួយ និងមានហាងល្បីៗ ប្លែកៗ និងមានការរចនាកាន់តែស្អាតជាងមុនជាច្រើនទៀត ដើម្បីបំរើសេវាកម្មជូនអតិថិជន ហើយគ្រោងនឹងបើកដំណើរក្នុងពេលឆាប់ៗនេះផងដែរ ដូច្នេះសូមអតិថិជនទាំងអស់បន្តគាំទ្រ និងរង់ចាំទាំងអស់គ្នា៕