(បាត់ដំបង)៖ សម្រែកហ៊ោកញ្ជ្រៀវបានបន្លឺឡើងយ៉ាងកងរំពងនៅពេលបុរសកៀបក្នុងថ្ម បានយកចេញពីក្នុងរូបថ្មមានជម្រៅមួយលើភ្នំចក្រី ស្ថិតក្នុងភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តដំបង។
ដើម្បីជីវិត លោក បូរ៉ា អាយុប្រមាណ ២៧ឆ្នាំ បានឡើងលើភ្នំដើម្បីកើបលាមកប្រចៀវ ដើម្បីយកទៅលក់យកថវិកាទ្រទ្រង់ជីវភាពគ្រួសារ។ តែជាអកុសលនៅយប់ថ្ងៃទី០៤ ខែសីហា ពេលកំពុងដើរកើបអាចម៍ប្រចៀវពិលបំភ្លឺផ្លូវបានធ្លាក់ចូលក្នុងថ្ម ពេលដែលគេឱន និងប្រឹងរើសពិលពីក្នុងរូងថ្ម បានធ្វើឱ្យរូបគេរអិលធ្លាក់ជាប់នៅក្នុងថ្មតែម្តង។
បូរ៉ា បានជាប់នៅក្នុងថ្មអស់ជាច្រើនថ្ងៃ ពោលគឺតាំងពីថ្ងៃទី០៤ ខែសីហា មកម្ល៉េះ ទើបនៅថ្ងៃទី០៧ ខែសីហានេះ ទើបប្រជាពលរដ្ឋ និងក្រុមគ្រួសារប្រទះឃើញរូបគេជាប់នៅក្នុងថ្ម។ បូរ៉ា អាចនឹងរងគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើប្រតិបត្តិការជួយសង្គ្រោះត្រូវបានពន្យារពេលទៀតនោះ។
បន្ទាប់ពីប្រទះឃើញលោក ប៉ូរ៉ា កៀបជាប់នៅក្នុងថ្ម ទាំងអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចទាំងមន្ត្រីនគរបាល កងរាជអាវុធហត្ថនៅក្នុងខេត្ត បានស្វះស្វែងរិះរកវិធី ដើម្បីជួយសង្គ្រោះជនរងគ្រោះ។ តែដោយសារតែស្ថានកន្លែងកើតហេតុមានការលំបាកធ្វើឱ្យការជួយសង្គ្រោះមិនទទួលបានផលល្អប្រសើរនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បើទោះបីនៅថ្ងៃមានការមមាញឹកក្នុងការរៀបចមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា ជាមួយលោកប្រធានាធិបតីស្រីលង្កាក៏ដោយនោះ ក៏បានឆ្លៀតចាត់ចែងការសង្គ្រោះនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ បានចាត់ចែងភ្លាមៗឱ្យលោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងដោះស្រាយបញ្ហានេះ។
ដោយមើលឃើញពីស្ថានភាពនៃការជួយសង្គ្រោះមានការលំបាក ហើយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចក្នុងខេត្តខ្វះឧបករណ៍ក្នុងការជួយសង្គ្រោះនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ចែងភ្លាមៗ ដោយដឹកក្រុមជួយសង្គ្រោះអង្គភាព៧១១ នៃកងពលតូចលេខ៧០ ដែលមានជំនាញសង្គ្រោះ ពីរាជធានីភ្នំពេញ តាមយន្តហោះទៅកាន់កន្លែងកើតហេតុ។
ក្រុមអ្នកជួយសង្គ្រោះ៧១១ ចំនួន១២នាក់ ពេលទៅដល់កន្លែងកើតហេតុបានខ្នះខ្នែង និងរិះរកគ្រប់វិធី ដើម្បីជួយសង្គ្រោះជនរងគ្រោះចេញពីរូងថ្ម។ បន្ទាប់ពីការប្រឹងប្រែងរបស់ក្រុមអ្នកជួយសង្គ្រោះ និងប្រើវិធីសាស្ត្រជាច្រើននោះ ទីបំផុតនៅវេលាម៉ោងប្រមាណ ៦ល្ងាច ជនរងគ្រោះត្រូវបានយកចេញពីក្នុងរូងថ្មដោយសុវត្ថិភាព។
ទាំងក្រុមគ្រួសារ ប្រជាពលរដ្ឋ និងក្រមអ្នកជួយសង្គ្រោះបានបង្ហាញក្តីរំភើប និងរីករាយជាខ្លាំង នៅពេលជីវិតមនុស្សម្នាក់ត្រូវបានជួយសង្គ្រោះ។ ការជួយសង្គ្រោះនេះនឹងមិនអាចទទួលបានជោគជ័យឡើយ បើខ្វះការចាត់ចែងដ៏ឆាប់រហ័សពីសំណាក់សម្តេចតេជោ ហ៊ុន សែន នឹងការដឹកនាំបញ្ជាកម្លាំងប្រតិបត្តិការសង្គ្រោះដោយយកចិត្តទុកដាក់ពីសំណាក់លោកទេសរដ្ឋមន្ត្រី គន់ គីម នៅកន្លែងកើតហេតុ និងកិច្ចសហការពីគ្រប់អ្នកជួយសង្គ្រោះទេនោះ។
មហាជនបានវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិការសង្គ្រោះដ៏មានប្រសិទ្ធភាពនេះ។ មហាជន ក៏បានសម្តែងការកោតសរសើរ និងគោរពអរគុណសម្តេចតេជោ ហ៊ុន សែន ព្រមទាំងក្រុមអ្នកជួយសង្គ្រោះទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយ និងកម្លាំងចិត្តជួយសង្គ្រោះលោក បូរ៉ា ឱ្យរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត៕