(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា គិតត្រឹមម៉ោង១០៖៣០នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានគ្រប់គ្រងអគ្គិភ័យ ដែលផ្សារសាមគ្គីត្រពាំងរពៅ នៅស្រុកទឹកឈូក ខេត្តកំពត ដោយមិនឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ ប៉ុន្តែចំពោះផ្សារសាមគ្គីត្រពាំងរពៅទាំងមូល ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង។
លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងបន្តពន្លត់អគ្គិភ័យដ៏អាក្រក់នេះ រហូតដល់រលត់ទាំងស្រុង ហើយប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ក្នុងនោះមានរថយន្ត៣គ្រឿង ជារបស់ស្នងការនគរបាលខេត្តកំពត និង១គ្រឿងទៀត ទទួលការសហការពីរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមសេចក្តីរាយការណ៍ពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា តូបក្នុងផ្សារសាមគ្គីត្រពាំងរពៅ ប្រមាណជាង២០០តូប ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង នៅយប់ថ្ងៃទី០៧ ខែសីហានេះ។ ចំពោះមូលហេតុនៃការឆេះ និងទំហំខូចខាតមិនទាន់ដឹងនៅឡើយ៕