(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយ ដោយចាត់ទុករបាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយអង្គការសិទ្ធិមនុស្ស លីកាដូ និងសមាគមធាងត្នោត ដែលមានចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យបញ្ចាំ»ថា មិនបង្ហាញពីស្ថានភាពជាក់ស្តែងរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានោះទេ ហើយថារបាយការណ៍នេះ ផ្តោតតែទៅលើគុណវិបត្តិ ដើម្បីបង្កើតឲ្យមានរូបភាពជាអវិជ្ជមានដែលគ្មានភាពប្រាកដនិយមទៅលើការផ្តល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

ជាមួយគ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា របាយការណ៍នោះបានមួលបង្កាច់
លើការផ្តល់ប្រាក់កម្ចី បង្ហាញពីរូបភាពផ្ទុយគ្នាស្រឡះ និងមើលរំលងតួនាទីដ៏សំខាន់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅលើការកាត់បន្ថយភាពក្រីក្រី និងបរិយាប័ណ្ណហិរញ្ញវត្ថុ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានកត់សម្គាល់ឃើញថា ភាគីពាក់ព័ន្ធលើការសរសេរ និងរៀបចំរបាយការណ៍នេះ បានដឹងយ៉ាងច្បាស់ថា ពួកគេបានជ្រើសរើសយកគំរូមកសិក្សាត្រឹមតែ២៨ករណីប៉ុណ្ណោះ ដោយមានមូលដ្ឋានតែទៅលើលទ្ធផលជាអវិជ្ជមានពីកម្ចីមីក្រូហិរញ្ញវត្ថុ។ ការធ្វើបែបនេះ គឺជាការបង្ហាញពីរូបភាពមិនត្រឹមត្រូវមួយ និងមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតទៅលើកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា របាយការណ៍ដដែលនេះ បង្ហាញថា «ការស្រាវជ្រាវនេះមិនត្រូវបានចាត់ទុកថា ជាតួលេខតំណាងឲ្យកម្ពុជា ឬអតិថិជនទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡើយ» ក៏ប៉ុន្តែ របាយការណ៍នេះ និងការស្រាវជ្រាវតែមួយផ្នែករបស់អង្គភាពទាំង២តាមវិធីបែបនេះ ត្រូវបានចាត់ទុកថាជាការបង្ខូចកេរ្តិ៍ឈ្មោះរបស់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូលយ៉ាងពិតប្រាកដ។

លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានថ្លែងថា «សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានការយកចិត្តទុកដាក់ខ្លាំងទៅលើរបាយការណ៍ណាមួយ ដែលមិនមានភាពពិតប្រាកដ និងមួលបង្កាច់ទៅលើការអនុវត្តការផ្តល់ប្រាក់កម្ចី ហើយសមាគមនឹងធ្វើការជាមួយនឹងសមាជិករបស់យើងដើម្បីស៊ើបអង្កេតទៅលើការសិក្សាផ្សេងៗលើករណី ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍នេះ។ ក៏ប៉ុន្តែ សមាគមពិតជាមានការសោកស្តាយណាស់ ដែលរបាយការណ៍នេះ ផ្តោតតែទៅលើគំរូតូចមួយនៃអ្នកខ្ចីប្រាក់នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ហើយសមាគមក៏មានការសោកស្តាយផងដែរថា មិនមានសមាជិកណាម្នាក់របស់យើង ឬក៏សមាគមផ្ទាល់ ត្រូវបានទាក់ទងដោយអ្នកសរសេររបាយការណ៍នេះ អំឡុងពេលនៃការបំពេញការងាររបស់ពួកគេ»

លោក គា បូរាណ បាន បន្ថែមថា «យើងមិនទាន់បានត្រួតពិនិត្យរបាយការណ៍នេះទាំងស្រុងនៅឡើយទេ ដោយសាតែរបាយការណ៍នេះ ទើបតែត្រូវបានចេញផ្សាយនៅថ្ងៃនេះ ប៉ុន្តែ យើងមានការយកចិត្តទុកដាក់ជាខ្លាំងទៅការពិពណ៌នាដែលមិនត្រឹមត្រូវ ឬអវិជ្ជមានទៅលើកម្ចីក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលសមាជិករបស់យើងត្រូវបានតម្រូវឲ្យអនុវត្តតាមនីតិវិធីជាច្រើនទាក់ទងនឹងការកាត់បន្ថយ និងការវិភាគយ៉ាងតឹងរ៉ឹងបំផុតលើហានិភ័យដែលប្រឈមមុខ ក៏ដូចជាវិធីសាស្ត្រលើការការពារអតិថិជនយ៉ាងម៉ត់ចត់បំផុត នៅទីផ្សារមីក្រូហិរញ្ញវត្ថុធំៗនានា នៅក្នុងពិភពលោកដែលកំពុងតែអភិវឌ្ឍ»

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖