(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១,២៧៥គ្រួសារ រស់នៅភូមិចំនួន១៣ ឃុំចំនួន១០ នៃស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានសម្ដែងនូវការសប្បាយចិត្ដយ៉ាងខ្លាំង ពេលទទួលបានការយកចិត្ដទុក្ខ ពីម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែចុះមកសួរសុខទុក្ខ និងចែកនូវស្បៀងអាហារ ថវិកា សម្ភារប្រើប្រាស់មួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាជនក្រខ្សត់។

ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩, លោកយាយ សុខ វី ដែលជាប្រជាពលរដ្ឋ ដែលរស់នៅទីនោះ បានសម្ដែងនូវសេចក្ដីរំភើបរហូតដល់ស្រក់ទឹកភ្នែក និងបាននិយាយទាំងទឹកភ្នែកថា «ខ្ញុំសប្បាយចិត្ដ រីករាយ ត្រេកអរណាស់ គ្មានអ្វីផ្ទឹមបានទេ ព្រោះមិនដែលបានជួបលោកទេ ពេលបានជួបអរនោះអរសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ស្អាត, ចង់ជួបសម្ដេចលើកក្រោមទៀតណាស់»។

ជាមួយគ្នានោះ លោកយាយ សុខ វី បានលើកឡើងទុក្ខលំបាក និងភាពខ្វះខាត ក្នុងការរស់នៅប្រចាំថ្ងៃដោយជាស្ដ្រីមេម៉ាយ ប្ដីស្លាប់ កូនស្លាប់ ហើយមានចៅ២នាក់ជាបន្ទុកផងដែរ។

ព្រមជាមួយគ្នានោះ លោកយាយ ឈុន ស៊ឹម ក៏បានលើកឡើងផងដែរ ពីទុក្ខលំបាក និងសប្បាយចិត្ដ ពិសេសថ្លែងអំណរគុណសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងចុះមកចែកស្បៀងអាហារ ថវិកា និងសម្ភារផ្សេង ជាពិសេស ចុះអប់រំប្រជាពលរដ្ឋ ពីការការពារ និងរក្សាសុខភាពឱ្យបានល្អ ចៀសពីជំងឺដង្កាត់ផ្សេងៗ។
ជាងនេះទៅទៀតអប់រំកូនចៅ ឱ្យចៀសឆ្ងាយពីគ្រឿងញៀន ស្រា និងល្បែងជាដើម ដែលធ្វើឱ្យប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។

សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចៀសឱ្យផុតពីគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសង គ្រប់ប្រភេទ ដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម ឬសម្លាប់មនុស្សជាដើម។ជាពិសេស សូមអាណាព្យាបាលទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ដោយត្រូវថែ កូនចៅឱ្យបានល្អ ចៀសផុតលង់ទឹក ឬជួបឧបទ្ទវហេតុផ្សេងៗ ដែលនាំឱ្យមានវិប្បដិសារីអស់មួយជីវិត និងគ្រោះធម្មជាតិនានា មាន ផ្ដរ រន្ទះជាដើម ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។

កាកបាទក្រហមកម្ពុជា គឺជាស្ថាប័ននាំមុខគេក្នុងការងារមនុស្សធម៌ និងដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ជាពិសេស ដល់ចាស់ជរាឥតទីពឹង កុមារកំព្រា ជនពិការ អ្នកមានជំងឺរុំារៃ ស្ដ្រីមេម៉ាយ និងគ្រួសាររងគ្រោះដោយទឹកជំនន់ ខ្យល់កន្ដ្រាក់ គ្រោះអគ្គិភ័យ និងគ្រោះមហន្ដរាយផ្សេងៗទៀត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនចោលនរណាម្នាក់។

លើសពីនោះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ៕