(តាកែវ)៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក ម៉ឹង វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលខេត្តតាកែវ ដែលបានរៀបចំឡើងក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ក្នុងគោលបំណងដើម្បីឱ្យអង្គការសង្គមស៊ីវិលបានស្វែងយល់អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ និងបង្កើនការចូលរួមចំណែកកាន់តែសកម្មថែមទៀត ក៏ដូចជាការបង្កើតភាពជាដៃគូសហការប្រកបដោយប្រសិទ្ធភាព ជាមួយរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ ដើម្បីចូលរួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ តាមរយៈការពង្រឹងការអនុវត្តតាមតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់ជាធរមាន។
វេទិកាសន្ទនានេះត្រូវបានរៀបចំដោយវេទិកាសង្គមស៊ីវិល (វ.ស.ស.) ដោយសហការជាមួយរដ្ឋបាលខេត្តតាកែវ និងបានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត រួមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់។ នៅក្នុងអង្គវេទិកាសន្ទនានេះ អង្គការសង្គមស៊ីវិល អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ ក៏បានលើកយកនូវបញ្ហាប្រឈមជាក់ស្តែង រួមទាំងសំណូមពរមួយចំនួន មកពិភាក្សាយ៉ាងផុសផុលនិងដោយត្រង់ទៅត្រង់មក ដើម្បីសហការស្វែងរកដំណោះស្រាយរួមគ្នា។
ថ្លែងក្នុងអង្គវេទិកានេះ លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានកោតសរសើរចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលក្នុងខេត្តតាកែវ ដែលបានខិតខំបំពេញការងាររបស់ខ្លួននាពេលកន្លងមក និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់បន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយរាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋាន ដើម្បីកាត់បន្ថយការយល់ច្រឡំចំពោះគ្នា និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឈានទៅបង្កើតភាពដៃគូជាមួយគ្នាដោយឆន្ទៈស្មោះត្រង់ និងត្រូវចូលរួមគោរពអនុវត្តច្បាប់ជាធរមាន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពក្នុងការបំពេញការងាររបស់ខ្លួន និងមិនប្រកាន់និន្នាការនយោបាយ ដើម្បីចូលរួមបម្រើដល់បុព្វហេតុជាតិនិងផលប្រយោជន៍ប្រជាជននៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
http://image.freshnewsasia.com//fn-2019-08-07-22-48-41-0.JPG