(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការស្វាគមន៍ចំពោះអ្នកវិនិយោគបរទេសទាំងអស់ រួមទាំងវិនិយោគស្រីលង្កា ដែលមានបំណងចង់វិនិយោគនៅកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាធានានូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគ ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់។

ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកទឹកឲ្យវិនិយោគិនកម្ពុជា ធ្វើការពង្រីកនូវអាជីវកម្មនៅក្រៅប្រទេស ពិចារណាជ្រើសយកប្រទេសស្រីលង្កា ជាគោលដៅវិនិយោគរបស់ខ្លួនផងដែរ។

ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងវិនិយោគិននៃប្រទេសទាំងជាច្រើននាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃ របស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគស្រីលង្កា ដែលមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជា ដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួន នៅក្រៅប្រទេស ពិចារណាយកប្រទេសស្រីលង្កា ជាប្រទេសគោលដៅរបស់ខ្លួន»

សម្តេចនាយករដ្ឋមន្ត្រី បានវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា ជាការផ្ដល់ឱកាសឱ្យសម្តេចបានចែករំលែកព័ត៌មានអំពីការវិវត្តសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាព និងសក្ដានុពលធុរកិច្ចនិងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន សំដៅធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគស្រីលង្កា ធ្វើការពិភាក្សាបន្ថែមជាមួយធុរជនកម្ពុជា និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុន វិនិយោគនៅកម្ពុជា។

សម្តេចតេជោ បានចេញមុខធានាជូនអ្នកវិនិយោគគ្រប់រូប នូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគ ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាពគណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្ម ផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា កម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ជំនាន់ទី៤ ឆ្នាំ២០១៩-២០២៣ ដែលមានទិសដៅច្បាស់លាស់ សម្រាប់ការអនុវត្តសកម្មភាព គោលនយោបាយរវាងភាគីពាក់ព័ន្ធ ក្នុងវិស័យពាណិជ្ជកម្ម ក្នុងគោលបំណង (ទី១) ពង្រឹងភាពប្រកួតប្រជែងសម្រាប់គាំទ្រ ដល់ការចាកចេញរបស់កម្ពុជា ពីប្រទេសអភិវឌ្ឍន៍តិចតួច និងការសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងចក្ខុវិស័យ ២០៣០ និង(ទី២) ចាប់យកប្រភពថ្មីសម្រាប់កំណើន ដូចជាសេវាកម្ម និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (IR ៤.០)។

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេស និងបានបង្កើតយន្តការសន្ទនាមួយហៅថា «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន» ដែលសម្តេចជាអ្នកដឹកនាំផ្ទាល់ និងដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន ដើម្បីដោះស្រាយនូវបញ្ហាប្រឈមធុរកិច្ចជន និងអ្នកវិនិយោគ៕