(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា តួលេខវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០១៩ គម្រោងវិនិយោគ ត្រូវបានអនុម័តមាន ចំនួន១៥៣គម្រោង ក្នុងទុនវិនិយោគប្រមាណ៥.២ពាន់លានដុល្លារអាមេរិក ដែលទាំងអស់នេះ បង្ហាញពីភាពវិជ្ជមានជាច្រើន នៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតី ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា ជាមួយលោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា បានអះអាងថា ចំនួនវិនិយោគនេះ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆមាសទី១ ឆ្នាំ២០១៨ ចំនួនគម្រោងមានការកើនឡើង ៤៨គម្រោង ខណៈដែលទុនវិនិយោគមានការកើនឡើងប្រមាណ ២ពាន់លានដុល្លារអាមេរិក។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «តួលេខវិនិយោគ ក្នុងឆមាសទី១ ឆ្នាំ២០១៩ បង្ហាញពីភាពវិជ្ជមានជាច្រើន ដែលគម្រោងវិនិយោគត្រូវបានអនុម័ត មានចំនួន១៥៣គម្រោង ក្នុងទុនវិនិយោគប្រមាណ៥,២ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆមាសទី១ ឆ្នាំ២០១៨ ដោយចំនួនគម្រោងមានការកើនឡើង៤៨គម្រោង ខណៈដែលទុនវិនិយោគមានការកើនឡើង ប្រមាណ២ពាន់លានដុល្លារអាមេរិក»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌ នៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅដែលមានសក្តានុពល សម្រាប់អ្នកវិនិយោគ ទាំងក្នុងស្រុក និងទាំងបរទេស។
បើតាមប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្ដ្រី ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេល៥ឆ្នាំកន្លងទៅ (២០១៤-២០១៨) ស្ថានភាពវិនិយោគរបស់កម្ពុជា មានលក្ខណៈល្អប្រសើរដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគ ចំនួន៩៥៩គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២៣ប៊ីលានដុល្លារអាមេរិក ដែលអាចបង្កើតការងារ ចំនួន១លានកន្លែង។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសរំលេចបន្ថែមថា ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់៧,៧% ហើយបានចាកចេញពី ឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។
ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងអត្រា៧,៥% ដែលអត្រាកំណើននេះ ជាមូលដ្ឋាន នៃការបន្តភាពរឹងមាំនៅក្នុងឆ្នាំ២០១៩។ សូចនាករនេះបង្ហាញថា កម្ពុជាកំពុងស្ថិតនៅលើគន្លង នៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ តាមការកំណត់ក្នុងរបៀបវារៈនៃគោលនយោបាយជាតិ៕