(បាត់ដំបង)៖ បុរសម្នាក់ដែលដើរកើបអាចម៍ប្រចៀវ ហើយធ្លាក់គាបកៀបក្នុងរូងថ្មភ្នំចក្រី ខេត្តបាត់ដំបង ត្រូវកម្លាំងសមត្ថកិច្ចជួយសង្គ្រោះ យកចេញមកក្រៅបានហើយ នៅវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ។
ប្រតិបត្តិការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់នេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។ អង្គភាពដែលចូលរួមសង្គ្រោះនោះរួមមាន៖ អង្គភាព៧១១, កម្លាំងយោធភូមិភាគទី៥, កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ។
ទេសរដ្ឋមន្ដ្រី គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «រហូតមកដល់ម៉ោងនេះ ជនរងគ្រោះត្រូវបានសង្គ្រោះចេញពីកន្លែងដែលមានគ្រោះថ្នាក់ហើយ ហើយនៅពេលនេះក្រុមគ្រូពេទ្យកំពុងតែពិនិត្យសុខភាពជនរងគ្រោះ»។
បើតាមទេសរដ្ឋមន្ដ្រី គន់ គីម បន្ទាប់ពីពិនិត្យសុខភាពរួចរាល់ ក្រុមអ្នកជួយសង្គ្រោះនឹងសម្រូតជនរងគ្រោះពីលើភ្នំចុះមកក្រោម ដែលមានកម្ពស់ប្រហែល៥០០ ទៅ៦០០ម៉ែត្រ ពីដី ហើយប្រហែលមួយម៉ោងទៀត បេសកកម្មជួយសង្គ្រោះនឹងបញ្ចប់ដោយជោគជ័យ។
ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានរួមដៃគ្នាយ៉ាងយកចិត្ដទុកដាក់ លើការងារជួយសង្គ្រោះនេះ។
គួរជម្រាបថា បុរសម្នាក់បានបាត់ខ្លួន៣យប់ ៤ថ្ងៃ ដោយគាបជើងកៀបថ្មក្នុងរូងភ្នំ ក្រោយឡើងកើបអាចម៌ប្រចៀវ ហើយរអិលជើងធ្លាក់ តាំងពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ ហើយក្រុមគ្រួសារប្រទះឃើញ នៅថ្ងៃទី០៧ ខែសីហានេះ។
យោងតាមបណ្តឹងរបស់ម្ដាយជនរងគ្រោះ បានមកប្ដឹងសមត្ថកិច្ចថា គាត់បានបាត់កូនឈ្មោះ បូរ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបា នស្រុកសំពៅលូន ខេត្តបាត់ដំបង រយៈពេល៤ថ្ងៃមកហើយ។ បើតាមម្តាយជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ កូនគាត់បានចេញបាត់ពីផ្ទះ ហើយមិនឃើញវិលត្រលប់មកវិញទេ ហើយឆោឡោដើររក ទើបប្រទះឃើញជាប់ក្នុងរូងភ្នំ នៅចំណុចភ្នំចក្រី ស្ថិតក្នុងភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក៕