(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅកម្ពុជា មានការកើនឡើងជារៀងរាល់ឆ្នាំ ដោយនៅឆ្នាំ២០២០ កម្ពុជារំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ និងនៅឆ្នាំ២០២៥ ប្រមាណ ១១លាននាក់ ដែលនេះជាឱកាសដ៏ពិសេសសម្រាប់វិនិយោគិន និងធុរជនក្នុងការបណ្ដាក់ទុនវិនិយោគលើវិស័យទេសចរណ៍។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុង «វេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា» ជាមួយលោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា ប្រធានាធិបតីស្រីលង្កា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នារសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។
នៅចំពោះមុខវេទិកាធុរកិច្ចនាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០១៨ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចំនួន ៦.២លាននាក់ ហើយរំពឹងថានឹងមានការកើនឡើងបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់ ពោលគឺប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ និងប្រមាណ ១១លាននាក់ នៅឆ្នាំ២០២៥ ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្ដាក់ទុនវិនិយោគក្នុងវិស័យទេសចរណ៍»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ចំនួនទេសចរណ៍ដែលបានមកកាន់កម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ដោយក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២.៨៨លាននាក់ ដែលមានការកើនឡើង ១១.៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។
សម្ដេចតេជោបានបន្តថា ក្នុងរយៈពេលដូចគ្នានេះ ចំនួនភ្ញៀវទេសចរស្រីលង្កាក៏បានកើនឡើង ២២% ផងដែរ ដោយបានកើនពី ១,៤៣៧នាក់ ដល់ ១,៧៥៦នាក់៕