(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីមានការរីករាលដាលជំងឺប៉េស្ដជ្រូកអាហ្វ្រិកនៅប្រទេសកម្ពុជា ជាពិសេសដំបូងបានផ្ទុះ នៅខេត្តរតនគិរី និងខេត្តមួយចំនួនទៀតនោះរួចមក ក្នុងពេលបច្ចុប្បន្ននេះ កំពុងមានស្ថានភាពធូរស្បើយហើយ ក្រោយមានប្រតិបត្តិការយ៉ាងសកម្ម នៅតាមបណ្ដាលខេត្ត ដែលមានជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ។
លោកបានឲ្យដឹងថា ចំពោះវិធានការសម្រាប់ទប់ស្កាត់ជំងឺនេះដែរ គឺមានការសហការគ្នាដោយមន្ទីរកសិកម្ម ជាមួយអាជ្ញាធរដែនដី រួមនឹងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយបានបញ្ជូនឧបករណ៍ សម្រាប់ធ្វើតេស្ដទៅដល់ទីតាំងផ្ទាល់ បញ្ជាក់ថាជ្រូកណាមានជំងឺ ជ្រូកណាគ្មានជំងឺជូនដល់ប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋអាចលក់ និងបញ្ចេញជ្រូកដែលគ្មានជំងឺរបស់ពួកគាត់បានទាន់ពេលវេលាផងដែរ។ ដោយឡែកសម្រាប់ជ្រូកណា ដែលមានផ្ទុកនូវជំងឺប៉េស្ដជ្រូកអាហ្រ្វិកនេះ ក៏មានវិធានការចរចាដោយទិញជ្រូកទាំងអស់នោះ ពីប្រជាពលរដ្ឋយកមកសម្លាប់ចោលផងដែរ។
លោកបានបន្តថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ មន្រ្តីជំនាញបានប្រើវិធានការបិទខ្ទប់បានទាន់ពេលវេលា ដោយខាងមន្ត្រីជំនាញប្រើវិធានការដែលខ្លួនមានបទពិសោធន៍ នៅបណ្ដាខេត្តដែលធ្លាប់កើតមាន គឺធ្វើការចរចាទិញយកមកសម្លាប់ចោល។ ដោយខាងមន្រ្តីជំនាញបានរៀបចំវិធានការ និងការទប់ស្កាត់ទាន់ពេលវេលាបែបនេះ ទើបមកទល់នឹងពេលបច្ចុប្បន្ននេះ អាចសម្រួលពីការរីករាលដាល នៃជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះបាន និងធូរស្បើយផងដែរ។
លោកបានបន្ថែមថា សម្រាប់ជំងឺប៉េស្ដជ្រូកអាហ្រ្វិចនេះដែរ មកទល់នៅពេលនេះ គឺមិនថាតែប្រទេសកម្ពុជាទេ ចំពោះពិភពលោកក៏នៅមិនទាន់រកឃើញថ្នាំ សម្រាប់ទប់ស្កាត់នូវជំងឺប៉េស្ដជ្រូកអាហ្រ្វិកនៅឡើយទេ ដោយសារតែជំងឺនេះនៅពេលដែលឆ្លងហើយ គឺសត្វនោះនឹងត្រូវស្លាប់តែម្ដង ដោយគ្មានថ្នាំណាចាក់សម្រាប់ទប់ស្កាត់បាននោះទេ។ ដោយឡែកអ្វីដែលជាលទ្ធិផលល្អនោះ គឺជំងឺនេះមិនមានការឆ្លងមកលើមនុស្សនោះទេ។
លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា ចំពោះជំងឺប៉េស្ដជ្រូកអាហ្រ្វិកនេះដែរ គឺជាជំងឺមួយដែលរាលដាលយ៉ាងកាច់សាហាវ ហើយនៅពេលដែលជំងឺនេះ រាលដាលទៅលើជ្រូកណាហើយ គឺជ្រូកនោះត្រូវស្លាប់ទាំងអស់ ដោយមិនអាចព្យាបាលបាន។ សម្រាប់ជំងឺនេះដែរ បានកើតមានឡើងតាំងពីឆ្នាំ១៩០៧ នៃការកើតចេញពីប្រទេសកេនយ៉ា ហើយក៏បានរីករាលដាលដល់ទ្វីបអឺរ៉ុប និងការផ្ទុះចុងក្រោយនៅប្រទេសបារាំង ដែលឈានដល់ការស្លាប់ជ្រូកជាង១លានក្បាល រួចក៏រីករាលដាលមកដល់អាស៊ី។ ក្រោយពីជំងឺនេះរីករាលដាលមក នៅឆ្នាំ២០១៨ ក៏រាលដាលមកដល់ប្រទេសចិន ស្ទើរគ្របដណ្ដប់ប្រទេសចិនទាំងមូល ហើយយើងក៏បានចាត់វិធានការ នៅចុងឆ្នាំ២០១៨នោះផងដែរ។
ជាមួយគ្នានោះ រដ្ឋមន្ដ្រីកសិកម្ម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ហូបសាច់ជ្រូក ដោយលោករដ្ឋមន្ដ្រី បានអះអាងថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិកគ្មានការឆ្លងមកមនុស្សនោះទេ ហើយក្រសួងកសិកម្ម ក៏បានចាត់វិធានការទប់ស្កាត់ជំងឺនេះផងដែរ៕