(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ អញ្ជើញមកជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ក្នុងវេទិកា សាធារណៈ ដែលបានរៀបចំធ្វើ ក្នុងបរិវេណវត្តគុកពង្រ ហៅវត្តស្រាម នៅឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោក វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលបានសម្តែងនូវក្តីកង្វល់គិតគូរ ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងសូមជូនពរឲ្យជួបតែពុទ្ធពរទាំង៤ប្រការគ្រប់ៗគ្នា។

លោក វេង សាខុន បានជម្រាបជូនបងប្អូន អំពីដំណើរការវិវឌ្ឍន៍រីកចម្រើន របស់ប្រទេសជាតិ ក្នុងពេលបច្ចុប្បន្ន និងផែនការអភិវឌ្ឍនាពេលអនាគត ស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោសែនជានាយករដ្ឋមន្ត្រី។ ជាសក្ខីភាព ស្ពាន ផ្លូវទឹក ផ្លូវគោក និងអាកាស ដែលជាសរសៃឈាមសេដ្ឋកិច្ច និងជាចលករជំរុញកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

លោកបន្តថា សេចក្តីត្រូវកា នៃការកសាងហេដ្ឋា រចនាសម្ព័ន្ធគ្រប់បែបយ៉ាង សម្រាប់ធ្វើការអភិវឌ្ឍនាពេលអនាគត បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្ពស់ពីរាជរដ្ឋាភិបាល និងរកមធ្យោបាលដោះស្រាយជាបន្តបន្ទាប់ ជាក់ស្តែងផែនការសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិ កំពង់ផែរទឹកជ្រៅ ផែនការសាងសង់ស្ពាន២ឆ្លងកាត់ដៃទន្លេមេគង្គ។

លោកបានលើកឡើងពីគោលនយោបាយឧបត្ថម្ភ ដល់ស្រ្តីមានផ្ទៃពោះ ស្រ្តីឆ្លងទន្លេ ចាស់ជរា និងប្រាក់បៀវត្សមន្ត្រីរាជការ -ល-។ គោលនយោបាយអនុគ្រោះ លើការវិនិយោគវិស័យកសិកម្ម បំណងធ្វើការទាក់ទាញអ្នកវិនិយោគ លើការសាងសង់រោងចក្រកែច្នៃ កសិផលសម្រាប់ធ្វើការនាំចេញ។ កសិផលមានទីផ្សារ បងប្អូនមានចំណូល មានចំណូលកម្រិតជីវភាពមានការកែប្រែ បើដូច្នេះនោះ យើងនឹងអាចសម្រេចបានតាមផែនការ របស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ គឺប្រែក្លាយប្រទេសមួយនេះ ឲ្យមានចំណូលមធ្យមកម្រិតខ្ពស់ និងកម្រិតខ្ពស់ នាឆ្នាំ២០៥០។

លោកបន្ថែមថា ដើម្បីឈានទៅសម្រេចបាននូវគោលដៅដ៏សំខាន់នេះ លោកសូមបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សា ឲ្យបានគង់វង្សនូវសមិទ្ធផលសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយកម្មវត្ថុទាំងបីនេះ មានតែសម្តេចតេជោ ហ៊ុន សែន ទេទើបអាចដឹកនាំ និងថែរក្សាបានគង់វង្ស។

ដូច្នេះ ដើម្បីបន្តរក្សាជ័យជំនះនេះ លោកបានផ្តាំផ្ញើសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ឃុំ និងភូមិឲ្យបន្តអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសប្រសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា៖

១៖ ត្រូវបន្តចុះជួយពលរដ្ឋនៅមូលដ្ឋាន ឈរលើស្មារតីស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ និងកាន់តែសកម្ម ទូលំទូលាយ និងមានប្រសិទ្ធភាពថែមទៀត ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោះស្រាយបញ្ហាតាមតម្រូវការជាក់ស្តែង និងចាំបាច់ជាបន្តបន្ទាប់។
២៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយទាំង០៩ ចំណុចរបស់គណបក្សប្រជាជនឲ្យបានល្អប្រសើរ។
៣៖ បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ហើយសមាជិកក្រុមការងារថ្នាក់ជាតិត្រូវបន្តអនុវត្តគោលន យោបាយ ក៣ ដោយមិនត្រូវធ្វើការរើសអើង ប្រកាន់និន្នាការនយោបាយ លាបពណ៌ ចោទប្រកាន់គ្នា ដែលអាចឈានទៅបែកបាក់សាមគ្គីជាតិយើង។

ក្នុងពិធីសំណេះសំណាលនេះផងដែរ ក៏មានសំណួរ និងសំណូមពរមួយចំនួន ពីបងប្អូនប្រជាពលរដ្ឋ ដូចជាជួសជុលផ្លូវលំ អគារសិក្សា ស្តារប្រឡាយ សុំដី និងគ្រួសក្រហមចាក់ផ្លូវ ពូជស្រូវ បង្គោលភ្លើង អណ្តូងទឹក និងបច្ច័យមួយចំនួនទៀត។

សំណួរ និងសំណូមពរមួយចំនួនធំ ត្រូវបានដោះស្រាយជូននៅហ្នឹងកន្លែង ហើយមួយចំនួនទៀត លោកបានឲ្យសមាជិកក្រុមការងារចុះពិនិត្យ និងវាយតម្លៃជាក់ស្តែង រួចដោះស្រាយជូនជាបន្តបន្ទាប់តាមការចាំបាច់៕