(បាត់ដំបង)៖ ក្រុមប្រតិបត្តិការសមត្ថកិច្ចចម្រុះជាច្រើនអង្គភាព ដឹកនាំរបស់ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ កំពុងញាប់ដៃញាប់ជើង ក្នុងការជួយសង្គ្រោះបុរសម្នាក់ដែលរអិលជើងធ្លាក់គាបជាប់ក្នុងរូងថ្ម នៃភ្នំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ (ទស្សនាវីដេអូខាងក្រោម)
សូមជម្រាបថា បុរសម្នាក់បានបាត់ខ្លួន៣យប់ ៤ថ្ងៃ ដោយគាបជើងជាប់ថ្មក្នុងរូងភ្នំ ក្រោយឡើងកើបអាចម៌ប្រចៀវ ហើយរអិលជើងធ្លាក់ តាំងពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ ហើយក្រុមគ្រួសារប្រទះឃើញ នៅថ្ងៃទី០៧ ខែសីហានេះ។ ប៉ុន្ដែបុរសខាងលើ រហូតមកដល់ពេលនេះ មិនទាន់អាចចេញពីរូងថ្មបាននោះទេ ពោលសមត្ថកិច្ចកំពុងជួយសង្គ្រោះ។
យោងតាមបណ្តឹងរបស់ម្ដាយជនរងគ្រោះ បានមកប្ដឹងសមត្ថកិច្ចថា គាត់បានបាត់កូនឈ្មោះ បូរ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបា នស្រុកសំពៅលូន ខេត្តបាត់ដំបង រយៈពេល៤ថ្ងៃមកហើយ។ បើតាមម្តាយជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ កូនគាត់បានចេញបាត់ពីផ្ទះ ហើយមិនឃើញវិលត្រលប់មកវិញទេ ហើយឆោឡោដើររក ទើបប្រទះឃើញជាប់ក្នុងរូងភ្នំ នៅចំណុចភ្នំចក្រី ស្ថិតក្នុងភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។
បើតាមលោកអធិការស្រុកភ្នំព្រឹក នៅន្លែងកើតហេតុជនរងគ្រោះអាចនិយាយបានធម្មតា មិនទាន់សន្លប់បាត់ស្មារតីនោះទេ ហើយបានប្រាប់ថា ខ្លួនឡើងមកកើបអាចម៌ប្រចៀវ ភ្លាមនោះក៏បានជ្រុះពិល ហើយខ្លួនក៏បានដើររកពិល ក៏រអិលធ្លាក់ជាប់ក្នុងជម្លៀតថ្មតែម្ដង។
ពាក់ព័ន្ធករណីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រហូតមកដល់ពេលនេះ លោកកំពុងដឹកនាំក្រុមសមត្ថកិច្ចជាច្រើនអង្គភាព មានទាំងអង្គភាព៧១១ នៃកងពលតូចលេខ៧០, កម្លាំងនគរបាល, កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា ដើម្បីសង្គ្រោះជនរងគ្រោះខាងលើ។
ដោយឡែក សម្រាប់ការជួយសង្គ្រោះនៅកន្លែងកើតហេតុវិញ ត្រូវបានទេសរដ្ឋមន្ដ្រី គន់ គីម អះអាងថា សមត្ថកិច្ចដែលមានទាំងកម្លាំងភូមិភាគ និងកម្លាំងនគរបាល បានសង្គ្រោះជនរងគ្រោះជិតរួចចេញមកខាងក្រៅហើយ ប៉ុន្ដែមិនទាន់បានទាំងស្រុងនៅឡើយទេ៕