(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងព្រមានដល់ក្រុមហ៊ុនសាងសង់ផ្លូវថ្នល់ទាំងអស់ មិនត្រូវកេងប្រវ័ញ្ចលើបទដ្ឋានបច្ចេកទេស និងខ្លឹមសារនៃកិច្ចសន្យាឡើយ។

លោកបញ្ជាក់ថា ក្រុមហ៊ុនត្រូវមានអ្នកជំនាញគ្រប់គ្រងត្រួតពិនិត្យគុណភាព ត្រូវមានអ្នកចេះភាសាខ្មែរដែលអាចធានាការទំនាក់ទំនង និងត្រូវដឹងពីភូមិសាស្ត្រឲ្យបានច្បាស់លាស់ ដើម្បីធ្វើការសិក្សា និងសាងសង់ឲ្យមានគុណភាពខ្ពស់ បើមិនដូចច្នោះទេ ក្រសួងនឹងចាត់វិធានការ ប្តូរសមាសភាពដឹកនាំ ប្តូរក្រុមហ៊ុន ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្តកិច្ចសន្យាប្រកបដោយ គុណភាព ប្រសិទ្ធភាព និងបច្ចេសទេសនៃការសាងសង់ផ្លូវនៅកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង នាយកអង្គភាពគ្រប់គ្រងគម្រោង (PMU) នាយកអង្គភាពអនុវត្តគម្រោង (PIU) អគ្គនាយកដ្ឋាសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូន២៥ រាជធានី-ខេត្ត កងវិស្វកម្ម ក្រុមហ៊ុនសាងសង់ផ្លូវ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសផ្លូវ និងគ្រប់ភាគីពាក់ព័ន្ធទូទាំងប្រទេស។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងសង្កត់ធ្ងន់ថា ផលប៉ះពាល់នៃការសាងសង់ផ្លូវគ្មានគុណភាព ធ្វើឱ្យខាតបង់ ថវិកាជាតិដែលរាជរដ្ឋាភិបាល ខិតខំរកដោយលំបាក ខាតបង់ពេលវេលាក្នុងការធ្វើដំណើរ ដោយសារផ្លូវខូច គ្មានការបំពាក់ផ្លាកសញ្ញាចរាចរណ៍បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងប្រជាពលរដ្ឋនៅតាមដងផ្លូវរង ផលប៉ះពាល់ដល់សុខភាពជាដើម។

លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាឲ្យថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់រួមទាំងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស កងវិស្វកម្ម និងភាគីពាក់ព័ន្ធ ត្រូវរកដំណោះស្រាយ និងនីតិវីធីនៃការសាងសង់ផ្លូវឱ្យមានគុណភាពរឹងមាំ ប្រើប្រាស់ជាប់បាន យូរអង្វែង កុំឱ្យប្រជាពលរដ្ឋបានធ្វើការរិះគន់ថា៖ ធ្វើផ្លូវមិនបានរឹងមាំ ធ្វើមុខខូចក្រោយ ដែលធ្វើឱ្យក្រសួងក៏ដូចជារាជរដ្ឋាភិបាល និងក្រុមហ៊ុនសាងសង់ខ្លួនឯងបាត់បង់កេរ្តិ៍ឈ្មោះ និងខូចមុខមាត់។

លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមទៀតថា៖ ក្រសួងនឹងរៀបចំនីតិវិធី ឡើងវិញដើម្បីពិនិត្យមើលក្រុមហ៊ុនម៉ៅការបន្ត ពោលគឺត្រូវធ្វើបញ្ជីឈ្មោះក្រុមហ៊ុនម៉ៅការបន្ត ដើម្បីតាមដានប្រវត្តិក្រុមហ៊ុនម៉ៅការបន្តទាំងនោះឱ្យបានម៉ត់ចត់ និងបានបន្ថែមថា ក្រុមហ៊ុនសាងសង់ ត្រូវធ្វើការសិក្សា និងស្គាល់ពីភូមិសាស្ត្រកម្ពុជាឱ្យបានច្បាស់លាស់មុនធ្វើការសាងសង់ផ្លូវ។

ជាងនេះទៅទៀត ក្រសួងត្រូវបង្កើតក្រុមការងារត្រួតពិនិត្យ តាមដានពីលើអង្គភាព PMU និង PIU ថែមទៀត ដើម្បីធានាគុណភាពសាងសង់រឹងមាំ និងមិនទទួលយកផ្លូវគ្មានគុណភាពរឹងមាំឡើយ ធ្វើបែបនេះដើម្បី រាជរដ្ឋាភិបាលអាចមានថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀតដូចជា៖ សាលារៀន មន្ទីរពេទ្យ និងប្រឡាយទឹកដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ឡើងវិញថា ក្រុមហ៊ុនសាងសង់ផ្លូវ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវសាងសង់ និងជួសជុលផ្លូវ ឲ្យមានគុណភាពគោរពតាមកិច្ចសន្យា បើមិនដូចច្នោះទេ ក្រសួងនឹងចាត់វិធាន ប្តូរសមាសភាពដឹកនាំ ប្តូរក្រុមហ៊ុន ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត។ លោកក៏បានណែនាំឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស កងវិស្វកម្ម និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមនិងសហការដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាមួយក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីសាងសង់ផ្លូវថ្នល់កម្ពុជា ឱ្យមានគុណភាពរឹងមាំ៕