(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ នាំបរិភោគសាច់ជ្រូកឡើងវិញ និងសូមកុំមានការព្រួយបារម្ភឱ្យសោះ ព្រោះនៅក្នុងខេត្តព្រះវិហារ មិនមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះទេ។
នៅក្នុងពិធីពិសាសាច់ជ្រូកសុវត្ថិភាពដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា បានលើកឡើងថា មកដល់ពេលនេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងខេត្តព្រះវិហារ គឺមិនមានទេ ហើយជំងឺនេះ គឺកើតមានឡើង នៅតាមបណ្តាលប្រទេសមួយចំនួន ប៉ុន្តែប្រទេសយើងវាមិនមានបញ្ហាទេ។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំមានការខ្លាចរអា ចំពោះការបរិភោគសាច់ជ្រូក ដែលចិញ្ចឹមនៅក្នុងខេត្ត និងសូមអំពាវនាវឱ្យកសិកររបស់យើងបន្តចិញ្ចឹមជ្រូក ឱ្យកាន់តែបានច្រើនថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារឱ្យខេត្តរបស់យើងផង និងអាចមានលទ្ធភាពនាំចេញទៅខេត្តផ្សេង និងចេញទៅក្រៅប្រទេសផងដែរ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថា ដើម្បីលើកទឹកចិត្តដល់ប្រជាកសិករ ដែលជាអ្នកចិញ្ចឹមជ្រូក អ្នកលក់សាច់ជ្រូកនិងលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋមកទទួលទានសាច់ជ្រូកឡើងវិញ នៅព្រឹកនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយក្រុមហ៊ុន CP បានរៀបចំពិធីហូបសាច់ជ្រូក ដោយមានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
ប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ការរៀបចំពិធីពិសាសាច់ជ្រូក ដែលមានការចូលរួមពីថ្នាក់ដឹកនាំនេះ គឺចង់បញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋយើងថា ការពិសាសាច់ជ្រូក គឺមិនប៉ះពាល់ដល់សុខភាពយើងទេ ហើយជំងឺប៉េស្តជ្រូកក៏មិនអាចឆ្លងមកមនុស្សយើង តាមរយៈការបរិភោកសាច់ជ្រូកដែរ ម្យាងវិញទៀតខេត្តរបស់យើងក៏មិនមានជំងឺប៉េស្តជ្រូកនោះទេ ដែលករណីនេះ លោកសូមអំពាវនាវឱ្យប្រជាពលរដ្ឋយើង ត្រូវពិសាសាច់ជ្រូកឡើងវិញ និងកុំមានការព្រួយបារម្ភឱ្យសោះ៕