(ប៉ៃលិន)៖ ផ្លូវលំក្រាលគ្រួស ១ខ្សែដ៏ថ្មីស្រឡាង ប្រវែងជាង ៣គីឡូម៉ែត្រ ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ ត្រូវបានសម្ពោធឱ្យប្រជាពលរដ្ឋ រស់នៅភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ប្រើប្រាស់ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរ។
នៅក្នុងឱកាសអញ្ជើញសម្ពោធផ្លូវលំក្រួស ១ខ្សែនេះ នាយឧត្តមសេនីយ៍ អ៊ី ឈាន បានលើកឡើងថា សមិទ្ធផលនានាដែលកើតមានឡើង នាពេលបច្ចុប្បន្ននេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធិផលនានាដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ផ្តល់អំណោយមនុស្សធម៌ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរាឥតទីពឹង ដោយមិនទុកបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ។
លោកប្រធានក្រុមការងារ បានបញ្ជាក់ថា ការធ្វើផ្លូវលំក្រាលក្រួស១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ បានងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សាសិស្ស បានធ្វើដំណើរទៅសាលារៀន។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អ៊ី ឈាន ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ សូមចូលរួមថែរក្សា ដើម្បីធានាដល់ការប្រើប្រាស់ បានយូរអង្វែង ជាពិសេសត្រូវចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព ក្នុងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានរបស់យើង។
សូមបញ្ជាក់ថា ផ្លូវលំក្រាលក្រួស ១ខ្សែ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺមានប្រវែង ៣៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រ មានស្ពានបាឡេ ចំនួន ២កន្លែង ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៥៧ ទៅកាន់ភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយប្រើប្រាស់ថវិកាផ្ទាល់ របស់នាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ៕