(ភ្នំពេញ)៖ ក្រុមការងារ OPPO Photography Academy ដែលទើបតែត្រលប់មកពីបំពេញ បេសកម្មស្វែងរកវប្បធម៌ខ្មែរដ៏ចំណាស់ និងមិនអាចកាត់ថ្លៃបាននៅតំបន់ប្រាសាទកោះកេរ្តិ៍ មិនទាន់បានប៉ុន្មានសប្តាហ៍ផង ស្រាប់តែទទួល បានដំណឹងថាប្រាសាទកោះកេរ្តិ៍ ដែលមានទីតាំងស្ថិតនៅឃុំស្រយង់ ស្រុកគូលែន នៃខេត្តព្រះវិហារ របស់កម្ពុជា បន្សល់ដោយបុព្វបុរសខ្មែរ នាពេលនេះ ត្រៀមខ្លួននឹងបញ្ជូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO បន្ទាប់ពីតំបន់ប្រាសាទសំបូរព្រៃគុហ៍ នៅខេត្តកំពង់ធំ។

វាជាដំណឹងដ៏គួរឱ្យរីករាយបំផុតសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងកូនខ្មែរជំនាន់ក្រោយ នៅពេលនេះពួកគេកាន់ តែត្រូវបានពិភពលោក ទទួលស្គាល់ និង មើលឃើញតាមរយៈប្រាង្គប្រាសាទចំនួន៤សំខាន់ៗ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ដូចជាប្រាសាទអង្គវត្ត ប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុហ៍ និងចុងក្រោយនេះ គឺអាចជា តំបន់ប្រាសាទកោះកេរ្តិ៍ ដូច្នេះយើងចាំមើលថាក្រសួងសាម៉ី គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នឹងធ្វើអ្វីជាបន្ត។

ទាំងនេះគឺជារូបថតដ៏អស្ចារ្យ ដែលផ្តិតយក មកដោយក្រុមការងារ OPPO Photography Academy កាលពីពេលថ្មីៗកន្លងទៅ នៅពេលដែលបងប្អូនបានពិនិត្យមើលរូបភាពទាំងនេះហើយ មានអារម្មណ៍ដូចម្តេចដែរ សម្រាប់ខ្ញុំពិតជារំភើបខ្លាំងណាស់ ចំពោះរូបភាពប៉ុន្មាន សន្លឹកនេះ ព្រោះវាបានបង្ហាញពីភាពអស្ចារ្យរបស់ខ្មែរកាលពីសម័យមុន ក្នុងការកសាងប្រាង្គប្រាសាទធំៗ និងជាប់បានយូរ មិនតែប៉ុណ្ណោះ មានអារម្មណ៍ថាពិតជាចង់ទៅទស្សនាផ្ទាល់ថែមទៀតផង។

យោងតាមការឱ្យដឹងរបស់ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការរៀបចំឯកសារ សម្រាប់បញ្ជូល ប្រាសាទកោះកេរ្តិ៍ ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺត្រូវប្រើរយៈពេលវែង ពីព្រោះបច្ចុប្បន្នការរៀបចំដាក់ប្រាសាទ ណាមួយចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក គឺមានភាពពិបាកជាងមុនខ្លាំង ដោយសារតែលក្ខខណ្ឌរបស់អង្គការ UNESCO មានការរឹតបន្តឹងជាងមុន។

លោកស្រី បានអះអាងបន្ថែមថា បើទោះបីជាមានការលំបាកក្តី ក៏ក្រុមមន្រ្តីជំនាញនៅតែបន្តការងារនេះទាំងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ហើយការរៀបចំឯកសារទាំងនេះ អាចប្រើប្រាស់ពេលវេលាប្រមាណជា៤ឆ្នាំ ទើបការងារនេះត្រូវចប់រួចរាល់។

រូបលោកស្រីផ្ទាល់ ក៏បានបង្ហាញនូវក្ដីរំពឹងថា ប្រាសាទកោះកេរ្តិ៍ នឹងអាចចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន ព្រោះប្រាសាទកោះកេរ្តិ៍ មានសក្តានុពលដ៏ធំធេងដែលគ្មានគូប្រៀប គឺជាអតីតរាជធានីរបស់ខ្មែរពិតប្រាកដ ហើយក្នុងនាមសមាគមថតរូប OPPO Photography Academy ដែលស្រលាញ់វប្បធម៌ខ្មែរ និងជួយផ្សព្វផ្សាយវប្បធម៌ខ្មែរគ្មានដែនកំណត់ សូមចូលរួមជាកម្លាំងចិត្តដ៏មហិមាដល់លោកស្រី និងកូនខ្មែរទាំងអស់ ទទួលបានជោគជ័យក្នុងការងារដាក់បញ្ជូលប្រាសាទនេះ។

សូមបញ្ជាក់ថា ប្រាសាទកោះកេរ្តិ៍មាន ៧ជាន់ កម្ពស់៣៥ម៉ែត្រ កសាងឡើងតាំងពីសម័យបុរាណទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ អំឡុងឆ្នាំ(៩២៨-៩៤២) ប្រាសាទនេះកសាងឡើងក្នុងគោលបំណង ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ តាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានឈ្មោះដើមថា ឆកគគីរ ឬផៃ្ទដីគោកគគីរ ដោយសព្វថៃ្ងគេហៅថា អតីតរាជធានីកោះកែរ មានផៃ្ទដីទំហំ ២៥៦គីឡូម៉ែត្រក្រឡា រួមមានបណ្តុំប្រាសាទតូចៗចំនួន៩៨ នៅបរិវេណនោះផងដែរ។

តួរប្រាសាទទាំងនោះ មិនបានសង់ជាប់ៗគ្នានោះទេ ពោលគឺនៅដាច់ៗពីគ្នាចាប់ពី១គីឡូម៉ែត្រ ទៅ៣ ឬ៤គីឡូម៉ែត្រ ហើយក៏មានប្រាសាទខ្លះ ត្រូវរងការខូចខាតបាត់បង់កប់ក្នុងដីខ្លះដែរ ដែលជាភាពអស្ចារ្យមួយក្នុងការជំរុញឱ្យយើងទាំងអស់គ្នាចូលរូមថែរក្សាការពារជាដាច់ខាត។

ប្រសិនបើលោកអ្នកចង់ទស្សនារូបភាពបន្ថែម ដែលថតដោយស្នាដៃកូនខ្មែរពិតៗ ប្រកបដោយគំនិតច្នៃប្រឌិតខ្លាំង សូមចូលទៅកាន់ Page ផ្លូវការរបស់ OPPO Photography Academy តាមរយៈ Link នេះ https://web.facebook.com/oppoacademykh/