Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីកាំកុងត្រូលខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារវាលរេញ ស្រុកព្រៃនប់

07-08-2019 15:41

(ព្រះសីហនុ)៖ សាខាកាំកុងត្រូល ខេត្តព្រះសីហនុ ដោយបានសហការពីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹកស្រស់ ម៉ីដុំ ម៉ាំល្ហុង ជ្រក់ត្រសក់ និងត្រីងៀត ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញមានវត្តមានសារធាតុគីមី ហាមឃាត់នៅលើគ្រឿងសមុទ្រនោះទេ។ តែបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ តែអ៊ូឈិ៨ដប ស្មើ៣គីឡូក្រាម, ទឹកដោះគោខាប់ រូបពែង១កំប៉ុង ស្មើ០.៣៨គីឡូក្រាម, កាហ្វេម៉ាកធីថាន់២កញ្ចប់ ស្មើ១គីឡូក្រាម, សាប៊ូទឹកម៉ាក Dove ២ដប ស្មើ១គីឡូក្រាម សរុបទំនិញដកហូត បានប្រហែល ៥.៣៨គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះ យកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករ ដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕