(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ សំដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា លើថ្ងៃឈប់សម្រាកការងារ ឆ្នាំ២០២០ ដែលកាត់បន្ថយមកនៅត្រឹម២២ថ្ងៃ។
ក្នុងសេចក្ដីថ្លែងការណ៍ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា «ថ្ងៃនេះដែរ សមាគមសូមសំដែងនូវការស្វាគមន៍ និងគាំទ្រ ជាពិសេសចំពោះអនុក្រឹត្យលេខ ១១២ អនក្រ.បក ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០។ យើងខ្ញុំបានដឹងថា វិស័យឯកជនជាទូទៅ នឹងសំដែងនូវការស្វាគមន៍ និងគាំទ្រដូចគ្នាដែរ ពីព្រោះនេះជាសំណើរួមរបស់វិស័យឯកជន មិនកំណត់ត្រឹមវិស័យកាត់ដេរនោះទេ»។
GMAC បានឲ្យដឹងថា ការកាត់បន្ថយមួយចំនួន នៃថ្ងៃឈប់សម្រាកបុណ្យជាតិរបស់កម្ពុជា ដែលកន្លងមកមានចំនួនច្រើនលើសលុប បើប្រៀបធៀបទៅនឹងប្រទេសនានា ក្នុងតំបន់ និងពិភពលោក ជាពិសេសប្រទេស ដែលជាដៃគូប្រកួតប្រជែងផ្នែក សេដ្ឋកិច្ចទល់នឹងប្រទេសកម្ពុជា គឺជាការសម្រេចប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល។ ការយកចិត្តទុកដាក់ខ្ពស់ លើស្ថិរភាពនៃកំណើនសេដ្ឋកិច្ច តាមរយៈការរក្សាបាននូវភាព ប្រកួតប្រជែងរបស់ប្រទេស គឺជាការយកចិត្តទុកដាក់ទៅលើសុខុមាលភាព និងផលប្រយោជន៍របស់កម្មករនិយោជិតនោះហើយ។
GMAC បន្ដទៀតថា ការរក្សាទុកនូវចំនួនថ្ងៃឈប់សម្រាកបុណ្យជាតិ ដែលមានចំនួនច្រើនលើសលុប និងមិនសមហេតុផលទៅវិញទេ ដែលជាហានិភ័យដល់សេដ្ឋកិច្ច និងបង្កឲ្យមានផ្តល់ផលប៉ះពាល់អវិជ្ជមាន ដល់ភាពប្រកួតប្រជែងរបស់យើង ហើយនឹងអាចនាំឲ្យ មានការធ្លាក់ចុះកំណើនសេដ្ឋកិច្ច និងការបាត់បង់ការងារ។ ទោះបីជាមានការកាត់បន្ថយខ្លះក៏ដោយ ក៏ចំនួននៅសល់នៅតែមានចំនួនខ្ពស់ជាងគេនៅឡើយ បើប្រៀបធៀប ទៅនឹងប្រទេសផ្សេងៗ។
ជាមួយគ្នានោះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏សូមអំពាវនាវឲ្យភាគីសហជីព និយោជិត កម្មករ មានការយោគយល់ខ្ពស់ និងធ្វើការពិចារណាឲ្យបានស៊ីជម្រៅ លើបញ្ហាថ្ងៃឈប់សម្រាកបុណ្យជាតិនេះ ហើយគាំទ្រសេចក្តីសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថ្ងៃឈប់សម្រាកនៅឆ្នាំ២០២០ មានត្រឹម២២ថ្ងៃប៉ុណ្ណោះ កាត់បន្ថយចំនួន៦ថ្ងៃ។ តែរាជរដ្ឋាភិបាល បានសម្រេចដំឡើងថ្ងៃសម្រាកពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រហូតដល់ទៅ៤ថ្ងៃ៕