(ព្រៃវែង)៖ មុខរបរចិញ្ចឹមចង្រិត គឺជាមុខរបរដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋដែលមានជំនាញផ្នែកចិញ្ចឹមចង្រិតច្បាស់លាស់។ អតីតនិស្សិតផ្នែកវិទ្យាសាស្រ្តកសិកម្ម នៅសកលវិទ្យាល័យ ភូមិន្ទកសិកម្មចំការដូង គឺលោក ទូច ភត្រា បច្ចុប្បន្នរស់នៅភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង បានចាប់យកមុខរបរនេះផងដែរ។
លោក ទូច ភក្ត្រា បានឱ្យដឹងថា ដំបូងឡើយលោកបានសាកល្បងចិញ្ចឹមសត្វចង្រិតនេះ តាមរយៈមើលតាមវីដេអូ Youtube និង Facebook ពីរបៀបចិញ្ចឹម ដោយអាងចំនួន ២តូចៗធ្វើពី Smart bourd ហើយការចិញ្ចឹមនេះគ្រាន់តែនឹងចែកគ្នាហូបមិនមានជាការលក់ដូរអ្វីនោះទេ ដោយបានសុំចែកទិញពូជពីបងប្អូនដែលគេចិញ្ចឹមជាលក្ខណៈគ្រួសារផងដែរ។ លោកបានងាកមកចាប់ផ្តើមមុខរបចិញ្ចឹមសត្វចង្រិតលក់ ដែលជារបបន្ថែមពីស្រែចំការ និងការងារក្រុមហ៊ុន។
លោកបានបន្ថែមថា បន្ទាប់ពីចិញ្ចឹមបានរយៈពេលជាមួយខែមក ចង្រិតដែលលោកចិញ្ចឹមហាក់ដូចជាបានផលល្អគួរសម។ ដោយមានការលើកទឹកចិត្តពីបងប្អូនមិត្តភក្តិ និងក្រុមគ្រួសារជាមួយនឹងចំណេះដឹងខាងផ្នែកកសិកម្មផងនោះ លោក ភក្ត្រា បានងាកមកបន្តពង្រីក ការចិញ្ចឹមសត្វចង្រិតនេះ ឈានទៅដល់ការធ្វើជាកសិដ្ឋានចិញ្ចឹមទ្រង់ទ្រាយមធ្យម សម្រាប់លក់តែម្តង គឺចាប់តាំងពីខែមេសា ឆ្នាំ២០១៩ មកម្ល៉េះ។
និស្សិតធ្លាប់រៀបផ្នែកកសិកម្មរូប បានលើកឡើងថា លោកចំណាយជាអស់ប្រាក់ជាង ៤០០០ដុល្លារ ដើម្បីសាងសង់រោង និងអាងសម្រាប់ចិញ្ចឹមសត្វចង្រិតនេះ ដែលមានទំហំ១២ គុណនឹង១៥ម៉ែត្រ មានអាងចិញ្ចឹមចំនួន១៨អាងធ្វើពីថ្មឥដ្ឋ។ ចំពោះការរកពូជចង្រិតមកចិញ្ចឹមវិញ លោកបានបញ្ជាទិញពូជមកគេដែរ ដែលមានតំលៃ ១ដុល្លារ ក្នុងមួយចានស្នោរ។
ក្នុងនោះដែរលោក ភក្ត្រា បានរៀបរាប់ថា ការដាក់ថ្ងៃដំបូងចំពោះចំណីរដាក់តែ កន្ទក់ខ្មុក លាយជាមួយ និងចំណីកូនមាន់ តែប៉ុណ្ណោះ លុះបានអាយុមួយអាទិត្យ ទើបយើងដាក់ស្លឹកឈើរុក្ខជាតិ មួយចំនួនឱ្យកូនចង្រឹតស៊ីដូចជា៖ ស្លឹកចេក ស្លឹកឆៃយ៉ា និងដើមស្មៅយក្សជាដើម។ លុះដល់ចង្រឹតមានអាយុបាន២៣ ទៅ២៥ថ្ងៃ ទើបឈប់ដាក់ចំណីរកូនមាន់ហើយ ដាក់តែកន្ទក់និងស្លឹករក្ខជាតិ តែប៉ុណ្ណោះ ធ្វើបែបនេះរហូតដល់៤៥ ថ្ងៃទៅ៥០ថ្ងៃ ទើបចង្រឹតអាចចាប់លក់បាន។
លោកភក្ត្រា បានបញ្ជាក់ផងដែរថា ចំពោះការមើលថែរវាមិនលំបាកណាស់ណាទេ តែយើងចាំបាច់ត្រូវទៅមើលដាក់ទឹកដាក់ចំណីរជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃចាប់លក់ ហើយការចំណាយ គឺអស់តែលើកដំបូងទេ ដូចជា ឧបករណ៍ និងពូជចង្រិត យើងអាចបានពូជពីចង្រឹតដែលយើង កំពុងចិញ្ចឹមផងដែរ ព្រោះក្នុងកំឡុងពេល ៤៥ថ្ងៃ ចង្រឹតវាពងពី២ ទៅ៣ដង ដូច្នេះយើងអាចរក្សារទុកកូន និងពងធ្វើពូជបន្តទៀតបាន។
ក្នុងការចិញ្ចឹមចង្រិតលោកភក្ត្រា បានឱ្យដឹងថា លោកត្រូវចំណាយពី៧០ ទៅ៨០ដុល្លារ ក្នុងមួយអាងចិញ្ចឹម គឺចាប់រាប់ពីការដាក់ចិញ្ចឹមថ្ងៃទី១ រហូតដល់ប្រមូលផល ហើយចំពោះការលក់វិញ លោកអាចលក់បានពី១៣០ ទៅ១៥០ដុល្លារ ក្នុងមួយអាង ហើយក្នុងមួយអាងបានចង្រិតពី៤០ ទៅ៥០គីឡូក្រាម ដោយក្នុង១គីឡូក្រាម លក់ពី២ ទៅ៣ដុល្លារ តែពេលខ្លះអាចលក់បាន រហូតដល់៤ដុល្លារ ក៏មានវាអាស្រ័យលើតម្លៃ ហាងឆេងទីផ្សារផងដែរ។ ចំពោះការកម៉្មង់ទិញវិញ លោកលក់បានទៅតាមបណ្តាកន្លែងមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តស្វាយរៀង និងជាពិសេសនៅផ្សារអ្នកលឿង ដែលភាគច្រើនឈ្មួញខ្លះគេមកដល់កន្លែង ហើយខ្លះទៀតក៏បញ្ជាទិញតាមទូរស័ព្ទ។
លោក ទូច ភក្ត្រា ម្ចាស់កសិដ្ឋាន សុវិជ្ជា ក៏បានសំណូមពរបងប្អូនកសិករដែលមានដីធ្លីទំនេរក្បែរផ្ទះសូមកំទុកចោល យើងអាចកែរច្នៃ មកចិញ្ចឹមចង្រឹត ដែលជាមុខរបរងាយស្រួលមិនពិបាកចំណាយតិច មិនប្រកាន់រដូវ ហើយអាចរកចំណូលបានទៀតផង ហើយបើប្អូនចង់បានពូជអាចទំនាក់ទំនង តាមរយៈលោក ទូច ភក្ត្រា ឬតាមរយៈ Facebook Page កសិដ្ឋានសុវិជ្ជាបាន៕