(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំអាជ្ញាធរ និងមន្រ្តីជំនាញចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែងនៅអាងចម្រោះទឹក ស្ថិតនៅតំបន់អូរត្រឹះ ដើម្បីដាក់ចេញវិធានការជួយរំដោះទឹកចេញ ចៀសវាងការលិចលង់ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
កាលពីព្រឹកមិញ ដោយសារតែភ្លៀងនៅបន្តធ្លាក់ បានបង្កជំនន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ នៅតំបន់ទំនាបមួយចំនួន ក៏ដូចជា ផ្លូវថ្នល់ក្នុងទីប្រជុំជនក្រុងព្រះសីហនុ លោក គួច ចំរើន បានកោះប្រជុំ បន្ទាន់មួយជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សារកដំណោះស្រាយបញ្ហាទឹកជំនន់ និងការកកស្ទះចរាចរណ៍ដែលកំពុងកើតមានសព្វថ្ងៃនេះ។
មន្ត្រីមន្ទីរធនធានទឹក និឧតុនិយមខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា កម្រិតកម្ពស់ទឹកភ្លៀងបានឡើងដល់កម្ពស់ជាង១៦០មីលីម៉ែត្រ កាលពីល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន នៅក្រុងព្រះសីហនុ ក្នុងពេលដែលកម្រិតទឹកភ្លៀង នៅក្រុងព្រះសីហនុកន្លងមក គឺក្រោម១០០មីលីម៉ែត្រតែប៉ុណ្ណោះ។
មន្ត្រីរូបនោះបានបន្តទៀតថា ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋទាន់ពេលវេលា មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជូនគ្រឿងចក្រ២គ្រឿង មកអន្តរាគមន៍បន្ថែមជួយស្តារកាយ បើកផ្លូវទឹកនៅតាមតំបន់ ដែលមានទឹកជន់លិចខ្លាំងក្នុងក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា មកដល់រសៀលថ្ងៃទី០៧ ខែសីហានេះ ផ្លូវជាតិលេខ៤ នៅតែបន្តការធ្វើចរាចរណ៍ទៅមកជាធម្មតា មិនទាន់មានការលិចលង់នោះឡើយ៕