(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឱកាសការងារចំនួន ១,៧៨៣ កន្លែងទៀតហើយ ដែលកំពុងរង់ចាំ សិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ និងចង់ផ្លាស់ប្តូរការងារថ្មី ពីក្រុមហ៊ុនធំៗចំនួន១១ សម្រាប់វេទិកាការងារ ដែលនឹងរៀបចំធ្វើនៅទី១៥ ខែសីហា ខាងមុខនេះ ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុនធំៗ១១រួមមាន៖ ក្រុមហ៊ុន Super Duper , Chip Mong Group , Ming Wuoy Group , Modern Intergrated Service , BS Land and Home , MJQ Education , Hattha Kaksekar Limited , WB Finance Cambodia , Asianerial Advisory Int Co., Ltd. , Noyakong Group , Brown Coffee and Bakery។

កញ្ញា ហ៊ាង សុជាតា អ្នកសម្របសម្រួលជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុនជីបម៉ុង លើកឡើងថា ក្រុមហ៊ុននឹងមានឱកាសការងារចំនួន ៦២កន្លែង ដែលយុវជនអ្នកស្វែងរកការងារ អាចដាក់ពាក្យបានក្នុងវេទិកាការងារថ្ងៃទី១៥ខាងមុខនេះ។ វេទិកាការងាររបស់ NEA គឺពិតជាល្អខ្លាំងណាស់ ដោយបានកាត់បន្ថយពេលវេលា និងការចំណាយរបស់ក្រុមហ៊ុនក្នុងការជ្រើសរើសបុគ្គលិក ហើយពិសេសនោះ គឺអាចទទួលបានអ្នកដាក់ច្រើនក្នុងពេលតែមួយ ដើម្បីងាយស្រួលក្នុងការជ្រើសរើសបុគ្គលិក ដែលមានសមត្ថភាព។ ជាក់ស្តែងក្នុងកិច្ចសហការជាមួយ NEA កន្លងមកក្រុមហ៊ុន ទទួលបានបុគ្គលិកជាង៥០០នាក់រួចមកហើយ ឲ្យចូលបម្រើការងារនៅក្រុមហ៊ុនតាមមុខតំណែងផ្សេងៗ។

លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញបានលើកឡើងថា វេទិកាការងារដែលត្រូវបានរៀបចំឡើងជារៀងរាល់ខែ ទទួលបានការចាប់អារម្មណ៍ និងគាំទ្រកាន់តែច្រើនឡើងពីសំណាក់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងរោងចក្រដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម។ ក្រុមហ៊ុននានាបានទាក់ទងមក NEA កាន់តែច្រើនឡើង ដើម្បីឲ្យជួយជ្រើសរើសបុគ្គលិកឲ្យ។

សម្រាប់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀមយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ ជាមួយអ្នកតំណាងក្រុមហ៊ុនធំៗទាំង១១។ សម្រាប់ព័ត៌លម្អិតទាក់ទងនឹងមុខតំណែងទាំងអស់ដែលក្រុមហ៊ុនធំៗទាំង១១ ត្រូវការជ្រើសរើសនោះ សូមចូលក្នុងគេហទំព័ររបស់ NEA តាមរយៈតំណរភ្ជាប់នេះ http://nea.gov.kh/kh/nea/upcoming_event/1/41 ឬទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕