(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងថា បងប្អូនដែលជាយុទ្ធជនដែលរៀបចំឱ្យចូលនិវត្តន៍នៅពេលនេះ សុទ្ធតែជាអ្នកដែលមានគុណសម្បត្តិ ក្នុងការចូលរួមផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីឈានដល់ការបញ្ចប់សង្គ្រាម និងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ដល់សង្គម ជួយដល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល មកដល់ពេលនេះ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរស័ក្ដិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលនិវត្តន៍ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ចំពោះបងប្អូនយោធិនដែលត្រូវចូលនិវត្តន៍នៅពេលនេះ គឺសុទ្ធតែជាអ្នកដែលមានគុណសម្បត្តិ ក្នុងការចូលរួមផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត, ចូលរួមការពារមិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់, ចូលរួមបញ្ចប់សង្គ្រាម, ចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម, ចូលរួមជួយការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល, ចូលរួមពង្រឹងលើវិស័យការពារជាតិ, ចូលរួមចំណែកកំណែទម្រង់កងទ័ពឱ្យបានរឹងមាំល្អ ឈានដល់សមាហរណកម្មក្នុងតំបន់-ពិភពលោក និងបានចូលរួមបេសកកម្មអង្គការសហប្រជាជាតិ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ទៀតថា អ្នកដែលនៅបន្តវេនត្រូវតែខិតខំធ្វើយ៉ាងណាការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍន៍ ព្រោះវាជាកត្តាសំខាន់បំផុតដែលយើងត្រូវការពារវា ធ្វើយ៉ាងណាមិនឱ្យមានជនណាមួយមកបំផ្លាញ់ជាដាច់ខាត ព្រោះតែវាមិនមែនជារឿងធម្មតាទេ ដែលយើងបានធ្វើតាំងពីពេលកន្លងមក មកដល់ពេលនេះ ដែលបានឆ្លង់កាត់អត់សព្វគ្រប់ ពីទុក្ខលំបាកទាំងអស់ ដើម្បីការពារបាននូវសន្តិភាពមកដល់សព្វថ្ងៃនេះ។ កងយោធពលខេមរភូមិន្ទ ក៏ត្រូវតែពង្រឹងទៅលើទូនាទីរបស់ខ្លួនឯងបន្តទៀត ដើម្បីការពារសុខសន្តិភាព និងចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសយើងឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីធ្វើការបំរើផលប្រយោជន៍របស់ប្រជាជន ដើម្បីជាការរួមចំណែក ក្នុងការកសាងប្រទេសរបស់យើង។
លោកបានចាត់ទុកថា យោធិនដែលចូលនិវត្តន៍គ្រប់រូប សុទ្ធតែមានគុណបំណាច់ជូនប្រជាជន និងប្រទេសជាតិជាប្រវត្តិសាស្ត្រ ដែលនេះជាមោទនភាពភាពរបស់យើងទាំងអស់គ្នាក្នុងនាមជាកងទ័ព។ រីឯការចូលនិវត្តន៍ជាទូទៅត្រូវចូលទាំងអស់គ្នា គ្រាន់តែមុន និងក្រោយតែប៉ុណ្ណោះ។ ដូច្នេះយើងត្រូវធ្វើជាគំរូសម្រាប់អ្នកជំនាន់ក្រោយ និងធ្វើអ្វីដែលមានប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន។
ជាមួយគ្នានោះ បងប្អូនយោធិន ដែលចូលនិវត្តន៍ត្រូវ ចេះគ្រប់គ្រងព័ត៌មានទូទៅ, ទទួលយកនូវការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបដល់ប្រជាជនរបស់យើង, ក្តាប់ជាប់រាល់កង្វល់ និងសំនូមពរផ្សេងៗរបស់ប្រជាជនយើង ដើម្បីរារណ៍មកដល់ថ្នាក់ធ្វើការដោះស្រាយ៕