Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី មាស សុភា អញ្ជើញប្រកាសផ្លាស់ប្តូរសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ដើម្បីសម្រួលការងារ

07-08-2019 15:03

(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តព្រះវិហារ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសផ្លាស់ប្តូរសមាជិកក្រុមការងារចុះជួយមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា តាមរបាយការណ៍ស្តីពីសកម្មភាពការងារ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ គឺក្រុមការងារថ្នាក់ជាតិ សម្រេចបាននូវការងារជាច្រើន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក្នុងទិសដៅបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការងាររបស់ក្រុមការងារថ្នាក់ជាតិ គឺមានភារកិច្ចពាំនាំនូវគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល មកជម្រាបជូនប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យគាត់បានដឹងឮ ដូចជាការងារសង្គមកិច្ច អគ្គិសនី...ជាដើម ហើយត្រូវស្តាប់យោបល់ប្រជាពលរដ្ឋ តាមរយៈវេទិការសាធារណៈនានា ពីការសំណូមពរ ការថ្នាំងថ្នាក់ ពិសេសគឺការងារចាំបាច់ផ្សេងដែលត្រូវដោះស្រាយបន្ទាន់ បើអាចដោះស្រាយបាន ត្រូវដោះស្រាយភ្លាម បើដោះស្រាយមិនបានត្រូវរាយការណ៍មកថ្នាក់ខេត្ត និងថ្នាក់ជាតិតែម្តង។

លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានធ្វើការជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបម្រើប្រជាពលរដ្ឋទ្វេរដង ពិសេសការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន និងរហ័សប្រកបដោយប្រសិទ្ធិភាព ដើម្បីឱ្យប្រជាពលរដ្ឋ ត្រូវមានការជឿជាក់លើការដឹកនាំ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕