(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសិក្ខាសាលាស្វែរកធាតុចូលក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តឆ្លយតបមេរោគអេដស៍ និងជំងឺអេដស៍ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០១៩-២០២៣ លើកទី២ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។ ពិធីនេះមានការចូលរួមពី លោកស្រី ខៀវ បូរី រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការ និងប្រយុទ្ធនឹងជំងឺអេដស៍ តំណាងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្រ្តីរាជការក្រសួង ព្រមទាំងអង្គការជាតិ និងអន្តរជាតិមួយចំនួនទៀត។

នៅក្នុងឱកាសនោះ លោកស្រី ខៀវ បូរី បានលើកឡើងថា ក្រសួងសង្ឍឹមយ៉ាងមុតមាំថា គម្រោងផែនការនេះ ពិតជាអាចប្រើប្រាស់ជាមគ្គុទេសក៏ ក្នុងការបង្ហាញនូវផ្លូវត្រូវ ដល់ក្រសួងសង្គមកិច្ច ធ្វើការឆ្លើយតប ទៅនឹងការរីករាលដាល មេរោគអេដស៍ និងជំងឺអេដស៍ សមស្របទៅតាមស្ដានភាពរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ដោយឈរលើគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

លោកស្រីបន្ថែមថា ផែនការយុទ្ធសាស្រ្តនេះ ដើម្បីធានាដល់ការថែទាំឲ្យបានល្អបំផុត តាមដែលអាចធ្វើបាន ដល់ជនរងគ្រោះ ព្រមទាំងគ្រួសារជនរងគ្រោះ និងងាយរងគ្រោះ ឲ្យទទួលបានចំណេះដឹង ស្តីពីការបង្ការ និងថែទាំ និងគាំទ្រសង្គមបានពេញលេញ ដោយមិនទុកនរណាម្នាក់ឲ្យនៅឯកាឡើយ។

ជាមួយគ្នានោះ លោកស្រី ខៀវ បូរី បានប្រកាសថា ក្រសួងសូមស្វាគមន៍រាល់មតិរិះគន់ ដើម្បីស្ថាប័នាពីគ្រប់មជ្ឈដ្ឋាន ទាំងអស់ ក្នុងន័យកែលម្អផែនការ កាងារប្រុទ្ធប្រឆាំងជំងឺអេដស៍របស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យកាន់តែល្អប្រសើរឡើងតបតាមស្ថានភាពរីករាលដាលរោគអេដស៍ និងជំងឺអេដស៍ ដែលកើតឡើងនាពេលបច្ចុប្បន្ននេះ។

ផែនការយុទ្ធសាស្រ្ត បានអនុលោម យ៉ាងម៉ត់ច្មត់ ទៅតាមក្រមខណ្ឌច្បាប់អន្តរជាតិ ដែលមានកាតព្វកិច្ច លើពលករដ្ឋរបស់ខ្លួន និងពលរដ្ឋដទៃត្រឹមត្រូវតាមច្បាប់ ដូចជា ច្បាប់រដ្ឋធម្មនុញ្ញា ច្បាប់សិទ្ធមនុស្ស ច្បាប់មនុស្សធម៌ ច្បាប់ជនភៀសខ្លួន និងអនុសញ្ញាសហប្រជាជាតិ ដើម្បីសិទ្ធិកុមារ អន្តរភ្នាក់ងារ លើកិច្ចការពារកុមារ និងអនុសញ្ញាទីក្រុងរ៉ូម។ ការរៀបចំផែនការនេះ ក៏មានការចូលរួមចំណែក ពី សមាជិក សមាជិកានៃគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងជំងឺអេដស៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដៃគូអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ រួមទាំងសង្គមស៊ីវិល និងក្រុមគោលដៅជាដើម៕