(ព្រះវិហារ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងមានការចូលរួម ពីប្រធានការិយាល័យបរិស្ថានស្រុក បានបន្តចុះផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ តាមផ្ទះលក់ទំនិញនានា ក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។

មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា លទ្ធផល មន្ត្រីជំនាញ បានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖

១៖ ទឹកក្រូច ចំនួន ២ដប ស្មើ០៤លីត្រ
២៖ ទឹកចាហួយ ចំនួន ៦កែវ ស្មើ០.៧៨លីត្រ
៣៖ ប័រ ចំនួន ៤កំប៉ុង ស្មើ០.៣២គីឡូក្រាម
៤៖ ទឹកដោះគោខាប់ ចំនួន ១ទីប និង ១កំប៉ុង ស្មើ០,៥៦គីឡូក្រាម
៥៖ ដំណាប់ដូង ចំនួន ៦កញ្ចប់ ស្មើ៤.២គីឡូក្រាម ។ មន្រ្តីជំនាញ បានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ មកដុតកម្ទេចចោលភ្លាមៗ ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារ ក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ហើយមិនប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីជំនាញកាំកុងត្រូល ក៏បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាង បង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕