(ស្វាយរៀង)៖ ក្នុងគោលបំណងធានាសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ មន្ត្រីសាខាកាំកុងត្រូល ខេត្តស្វាយរៀង សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យទំនិញជាច្រើនមុខ ដោយផ្តោតសំខាន់ទៅលើគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ នៅផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង ដោយរកឃើញត្រីបបែលចំនួន៥គីឡូក្រាម មានផ្ទុកសារធាតុគីមី។

មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង បានឱ្យដឹងថា មន្ត្រីជំនាញបានពិនិត្យមុខទំនិញ និងតេស្តបឋមទៅលើមុខទំនិញ ចំនួន១៦មុខជាលទ្ធផល ក្រោយការចុះអនុវត្តការងារ មន្ត្រីបានរកឃើញ សារធាតុគីមី ដែលដាក់ក្នុងមុខទំនិញងៀតបបែល ចំនួន៥គីឡូក្រាម ដែលមានសារធាតុគីមី ដែលវាអាចបំផ្លាញក្រពះ ពោះវៀន យ៉ាងធ្ងន់ធ្ងរ និងបានពិនិត្យទៅលើមុខទំនិញ ជាគ្រឿងកំប៉ុង គ្រឿងទេស ហើយក្រោយរកឃើញមន្ត្រីជំនាញ បានយកទៅដុតកម្ទេចចោលតែម្តង។

បើតាមក្រុមអាជីវករដែលលក់ងៀតបបែល ដែលផ្ទុកសារធាតុគីមី បានបញ្ជាក់ថា ពួកគាត់បានទិញងៀតបបែលនេះ ពីអាជីវករនៅផ្សារវាលយន្ត ក្រុងស្វាយរៀងមកលក់បន្តនៅផ្សាយជីភូ ក្រុងបាវិត ខណៈដែលពួកគាត់លក់មិនដឹងថាមានសារធាតុគីមីនោះទេ តែពេលនេះមន្ត្រីកាំកុងត្រូល ចុះពិនិត្យទើបដឹងថាមានគីមី ដូច្នេះ ពួកគាត់លែងទិញមកលក់ទៀតហើយ ព្រោះបានមន្ត្រីជំនាញណែនាំឱ្យបញ្ឈប់លក់ប្រភេទងៀតបបែល ដែលមានគីមី នាំឱ្យគ្រោះថ្នាក់ដល់សុខភាព ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឱ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល បានសន្យានឹងបន្តចុះពិនិត្យទំនិញ នៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានញឹកញាប់បន្ថែមទៀតផងដែរ៕