(ភ្នំពេញ)៖ លោកប្រធានាធិបតីស្រីលង្កា Maithripala Sirisena បាននិងកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង នៅប្រទេសកម្ពុជា រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលជាដំណើរទស្សនកិច្ចដ៏សំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២នេះ ក៏ជាផ្នែកមួយក្នុងការគិតគូរ អំពីការពង្រីកនូវទំហំពាណិជ្ជកម្មផងដែរ ដោយប្រទេសទាំងពីរ មានរៀបចំវេទិកាធុរកិច្ច ដើម្បីអនុញ្ញាតឲ្យអ្នករកស៊ីអាចជួបគ្នា ឈានដល់ការសហការរកស៊ីជាមួយគ្នា។
ការបង្កើតឲ្យមានវេទិកាធុរកិច្ចកម្ពុជា និងស្រីលង្កា ធ្វើឡើងដើម្បីជំរុញកំណើនទំហំពាណិជ្ជកម្ម នៃប្រទេសទាំង២ ខណៈដែលទំហំពាណិជ្ជកម្មនេះ នៅមានកម្រិតតូចនៅឡើយ ដែលមានប្រហែល៤លានដុល្លារប៉ុណ្ណោះក្នុងមួយ។
យោងតាមតួលេខផ្លូវការដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នៅឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានជាង៦លានដុល្លារ ក្នុងនោះកម្ពុជានាំចូលពីស្រីលង្កាមានជិត៦លានដុល្លារ ខណៈដែលកម្ពុជានាំចេញទៅស្រីលង្កាវិញ មានជិត៣៦ម៉ឺនដុល្លារប៉ុណ្ណោះ។
នៅឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មនេះបានកើនឡើងរហូតដល់ជិត១០លានដុល្លារ ក្នុងនោះកម្ពុជានាំចូលពីស្រីលង្កាមានជិត៤លានដុល្លារ ខណៈកម្ពុជានាំចេញទៅស្រីលង្កាវិញមានជាង៥លានដុល្លារ។
នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២នេះបានធ្លាក់ចុះមកវិញ មកត្រឹមតែជិត៥លានដុល្លារប៉ុណ្ណោះ ក្នុងនោះកម្ពុជានាំចូលពីស្រីលង្កាជាង៤លានដុល្លារ ខណៈកម្ពុជានាំចេញទៅស្រីលង្កាមានត្រឹម៥៧ម៉ឺនដុល្លារប៉ុណ្ណោះ។
ចំណែកឯនៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃ ប្រទេសទាំងពីរបន្ដធ្លាក់ចុះដែរ មកនៅត្រឹមតែជិត៤លានដុល្លារប៉ុណ្ណោះ ក្នុងនោះកម្ពុជានាំចូលពីស្រីលង្កាមានជិត៣លានដុល្លារ និងកម្ពុជានាំចេញទៅស្រីលង្កាមានជិត១លានដុល្លារ។
ទំនិញដែលកម្ពុជានាំចូលពីស្រីលង្កា៖ ម្សៅស្រូវសាលី, សម្ភារផ្សព្វផ្សាយពាណិជ្ជកម្ម, ផលិតផលប្លាស្ទិក, ផលិតផលប្លាស្ទិក, ក្រណាត់ត្បាញពីកប្បាស, ស្បៃ និងក្រណាត់ប៉ាក់ក្រឡា, ខ្សែត្បាញ, ខ្សែពួរ និងខ្សែកាប, ទំពក់ ក្រចាប់រន្ធ កងសម្រាប់ថ្ពក់ និងវត្ថុប្រហាក់ប្រហែលធ្វើពីលោហធាតុ។
ទំនិញដែលកម្ពុជានាំចេញទៅស្រីលង្កា៖ ស្រាបៀរ, អាហារកែច្នៃ, កៅស៊ូ, វត្ថុធ្វើពីកៅស៊ូលាយស្ពាន់ធ័រ, ប៉ាក់ធ្វើពីកប្បាស និងក្រណាត់ត្បាញ៕